(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានចំអកធ្ងន់ៗទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា ទៅជ្រកកោននៅក្រៅប្រទេសនោះថា ជាមនុស្សឆោតល្ងង់បំផុត ដែលហ៊ានអំពាវនាវឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការហួសចិត្តទៀតថា ទណ្ឌិតល្ងង់នេះពិតជាមិនចេះអៀនមាត់ខ្លួនឯងនោះទេ ដែលហ៊ានប្រាប់ឲ្យសម្ដេចក្រឡាហោម ស ខេង ធ្វើរដ្ឋប្រហារដើម្បីយកអំណាចនោះទៅឲ្យខ្លួន (ទណ្ឌិត សម រង្ស៊ី) មកគ្រប់គ្រងប្រទេសវិញ ដែលនេះជាចំណុចដែលសម្ដេចពិតជាហួសចិត្ដខ្លាំងណាស់ នូវសម្ដីដែលអត់ប្រយោជន៍នេះ។

សារចំអករបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានបង្ហើរឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ ដែលអតីតតំបន់សមរភូមិ តែបច្ចុប្បន្នពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្ដេចក្រឡាហោម ស ខេង គេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា ចំណុចនេះសម្ដេចបានប្រាប់ទៅសម្ដេចក្រឡាហោម ស ខេង រួចហើយដោយមិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ ព្រោះរឿងទាំងអស់នេះ សម្ដេចតេជោជឿជាក់ថា មិនកើតឡើងនោះទេ ពោលវាមិនអាចទៅរួចឡើយ ដោយមនុស្សនៅក្នុងបក្សតែមួយ ធ្វើរដ្ឋប្រហារយកអំណាចទៅឲ្យអ្នកដទៃ។

សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា បាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែលូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម»

ក្រៅពីការចំអកឆ្ងន់ៗហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា សារញុះញង់របស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជាសត្វឆ្កែ មកខាំជើងមនុស្សយ៉ាងដូច្នេះឯង ហើយសម្ដេចបញ្ជាក់ទៀតថា មនុស្សមិនត្រូវយកមាត់ទៅខាំជើងឆ្កែវិញនោះទេ ពោលទណ្ឌិតរូបនេះ ស្មើនឹងសត្វធាតុទៅហើយ ដោយមិនត្រូវឆ្លើយឆ្លងជាមួយឡើយ។

យ៉ាងណាក៏ដោយ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏ឆ្លៀតបានគូសរំលឹក នូវសម្ដីដ៏គ្មានប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ីថា គេនឹងចូលមកចាប់សម្ដេច តែត្រង់ចំណុចនេះ សម្ដេចបានថ្លែងថា សម្ដេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ត្រង់ប៉ុល ពត ដែលមានកងទ័ពច្រើន នៅតែ សម្តេចវាយខ្ទេចអស់ ចុះទម្រាំមនុស្សគ្មានតម្លៃមួយនេះ។

សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សុទ្ធតែថា សម្រុកចូល, អញរង់ចាំតែសម្រុកចូលមកតើ។ អាពត ប៉ុន្មានកងពលវៃមិនដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេង ដូចស្រួលពេកទេដឹង? គិតខុសហើយ។ ទុកឲ្យគេវង្វែងខ្លួនគេ ឡប់ខ្លួនឯងទៅចុះ កាលណាតែគេវៃយុទ្ធសាស្ដ្រយើងមិនត្រូវ គឺពួកគេនឹងចាញ់ឯង»

ផ្ដើមចេញពីការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ីនេះ សម្ដេចតេជោ ហ៊ុន សែ ន ក៏ធ្លាប់បានណែនាំទៅសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ត្រូវតាមដានមើលក្រែងមានចលនាខុសច្បាប់ណាមួយកើតឡើង ហើយប្រសិនជាមាន ងើបមួយកម្ទេចមួយ ងើបពីរកម្ទេចពីរ មិនអនុញ្ញាតឲ្យមានជាដាច់ខាត៕