(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ និងផែនការច្បាស់លាស់ នៅក្នុងការអភិវឌ្ឍ និងស្ដារឡើងវិញនូវផ្លូវដែករបស់ខ្លួន។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង សម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ជាមួយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីចុះហត្ថលេខានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្រ្តីថៃ ព្រមទាំងថ្លែងអំណរគុណដល់ រដ្ឋមន្ដ្រីដឹកជញ្ជូនថៃ និងសហការី ដែលបានជួយជំរុញកិច្ចព្រមព្រៀង រហូតមានការចុះហត្ថលេខានៅថ្ងៃនេះ។ សម្ដេចសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យដឹកជញ្ជូន នឹងបន្ដជោគជ័យនៅអាណត្តិក្រោយៗទៀត។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែននេះ និងការតភ្ជាប់ផ្លូវដែកនៅព្រំដែនសាជាថ្មីក្រោយពីការកាត់ផ្តាច់នៅឆ្នាំ១៩៧៤នេះ ពិតជាំនាំមកនូវកាលានុវត្តភាពសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលមធ្យោបាយដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសការតភ្ជាប់ទៅតំបន់អាស៊ាន និងមហា អនុតំបន់ទន្លេមេគង្គ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សម្រាប់ផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្តាររួចឡើងវិញហើយដែរ។ ថ្វីដ្បិតតែមិនទាន់មានលក្ខណៈស្តង់ដារទំនើប ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍផ្លូវដែក ឱ្យមានការដឹកជញ្ជូនបានទូលំទូលាយ ពិសេសធ្វើឱ្យប្រព័ន្ធផ្លូវដែកកម្ពុជា ក្លាយទៅជាប្រព័ន្ធផ្លូវដែកពេញនិយមពីសំណាក់ប្រជាជន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ក្រោយពីនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងថៃ បានបញ្ចប់ការថ្លែងសុន្ទរកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង បានចាប់ផ្តើម បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ និងគណៈប្រតិភូ រួមគ្នាធ្វើដំណើររួមគ្នាតាមរថភ្លើង ចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើង របស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែត។ ក្រោយបញ្ចប់កម្មវិធីនេះទៅសម្តេចតេជោ និងលោក ប្រាយុទ្ធ ក៏អញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ៕