(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី មុននឹងធ្វើជាអធិបតីភាពរួមគ្នាក្នុងកម្មវិធីមួយចំនួននៅក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីបើកច្រកអន្តរជាតិកម្ពុជា-ថៃចំនួន៤កន្លែងបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ មុនពិធីចាប់ផ្តើម ខ្ញុំបានចរចាជាមួយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ខ្ញុំបានស្នើបើកនូវច្រក៤កន្លែងផ្សេងទៀត ដែលរួមមានច្រកអានសេះ រវាងខេត្តព្រះវិហារជាមួយនឹងខេត្តអូ៊ប៊ុន ច្រកជប់គគី ខេត្តឧត្តរមានជ័យទល់ខេត្តបុរីរ៉ាំ ច្រកភ្នំដី និងមួយទៀត ច្រកថ្មដា»។
ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤នេះ កំពុងស្ថិតនៅជាច្រករបៀងនៅឡើយទេ ក្នុងនោះច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវរបស់ថៃ។ ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តអ៊ូបុន ប្រទេសថៃ។ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យកម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និងច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកបន្ថែមទាំងនេះ នឹងជួយសម្រួលពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលការឆ្លើយតបជាវិជ្ជមាន សម្រាប់ការបើកច្រកទាំងនេះពីភាគីថៃ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ យើងក៏ទទួលបានការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំជូនដល់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ»៕