(ភ្នំពេញ)៖ ផលិតផលក្លែងក្លាយ បាននិងកំពុងតែវាយលុកក្នុងទីផ្សារកម្ពុជាគួរឲ្យបារម្ភ ក្នុងនោះស្ករត្នោតខ្មែរ ក៏កំពុងត្រូវបានជនខិលខូច ផលិតក្លែងក្លាយជាច្រើនផងដែរ។ ការផលិតស្ករត្នោតក្លែងក្លាយនេះ ត្រូវបានអ្នកនាំចេញស្ករត្នោតកម្ពុជា ទៅកាន់ទីផ្សារជាង២០ប្រទេសនៅលើពិភពលោក បានចាត់ទុកថា ដូចជាការសម្លាប់អត្តសញ្ញាណខ្លួនឯងអីចឹងដែរ។
ឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះផលិត កែច្នៃ ស្ករត្នោតកំពង់ស្ពឺ ដើម្បីនាំចេញនោះ បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់អង្គភាពព័ត៌មាន Fresh News ថា «អ្នកដែលយកផលិតផលស្ករត្នោត យកទៅធ្វើក្លែងក្លាយ គឺធ្ងន់ណាស់ គឺយើងសម្លាប់ខ្លួនឯង ព្រោះថាផលិតផលមួយ ដែលគេទទួលស្គាល់ គឺជាផលិតផល ដែលគេចាត់ទុកជាផលិតផលឆ្នើម»។
ប្រធានអគ្គនាយកក្រុមហ៊ុន Confirel រូបនេះ បានបញ្ជាក់ទៀតថា «បើសិនជាយើង យកមកធ្វើក្លែងបន្លំ គឺយើងសម្លាប់ខ្លួនឯង...យើងកំពុងតែអង្គុយនៅដើមឈើ ដើម្បីអារដើមឈើ និងកាប់ដើមឈើ ដោយខ្លួនឯង នៅថ្ងៃណាមួយ យើងនឹងបាត់អត្ដសញ្ញាណរបស់យើង»។
លោកឧកញ៉ា ហៃ លីអ៊ាង បាននិយាយថា ប្រទេសកម្ពុជា មិនមែនមានតែស្ករត្នោតទេ ដែលមានគេធ្វើក្លែងក្លាយ គឺមានផលិតជាច្រើន ដែលបានចរាចរក្នុងទីផ្សារ មានទាំងផលិតនាំចូល និងផលិតក្នុងស្រុក ដែលមានការក្លែងបន្លំទាំងគុណភាព ទាំងបរិមាណ ដែលអាចផ្ដល់គ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសឱសថក្លែងក្លាយជាដើម។
ឧកញ៉ា ហៃ លីអ៊ាង បន្ដថា រាជរដ្ឋាភិបាលក៏បានចាប់អារម្មណ៍ខ្លាំងណាស់ ដើម្បីទប់ស្កាត់នូវអំពើក្លែងក្លាយទាំងអស់នេះ តែកម្ពុជាមានបញ្ហានេះច្រើន ដោយសារតែមានចន្លោះប្រហោង នៅក្នុងរចនាសម្ព័ន្ធ ក៏ដូចនៅក្នុងការគ្រប់គ្រង។
ក្នុងឱកាសនោះ ឧកញ៉ា ហៃ លីអ៊ាង ក៏បានស្នើឲ្យរាជរដ្ឋាភិបាល លើកទឹកចិត្តដល់អ្នកដែលខិតខំផលិតផលត្រឹមត្រូវ ព្រោះថាអ្នកដែលផលិតផលិតផលត្រឹមត្រូវ ទទួលនូវផលវិបាក ក្នុងការពិនិត្យគ្រប់បែបយ៉ាង ខុសពីអ្នកដែលធ្វើរបស់ក្លែងក្លាយ ដែលមានកន្លែងតូច និងគ្មានអ្នកដឹង ហើយអាចដាក់ចរាចរបានដូចគា្ន។
ឧកញ៉ា ហៃ លីអ៊ាង បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលត្រូវតែលើកតម្កើនផលិតផលណា សហគ្រាសណា ដែលបានជួយជាតិប្រាកដ ដើម្បីឲ្យគាត់ទៅរួមដៃ ជាមួយអាជ្ញាធរជួយកំចាត់នូវផលិតក្លែងក្លាយ៕