(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៥ម៉ឺនតោន ទទួលបានចំណូលជាង៦១លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩នេះ មានតម្លៃ១,២៧៩ដុល្លារក្នុង១តោន តម្លៃនេះបានកើនឡើងចំនួន១៧៩ដុល្លារក្នុង១តោន ស្មើនឹង១២ភាគរយ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា។
លោក ប៉ុល សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បានចាត់ទុកតម្លៃជ័រកៅស៊ូពេលបច្ចុប្បន្ននេះ មិនទាន់ល្អសមរម្យនៅឡើយទេ សម្រាប់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា តែសម្រាប់កសិករដាំកៅស៊ូលក្ខណៈគ្រួសារវិញ គឺអាចទទួលយកបាន។
លោកអគ្គនាយកបញ្ជាក់ទៀតថា តម្លៃជ័រកៅស៊ូ គឺអាស្រ័យលើទីផ្សារអន្តរជាតិ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា។ បើតម្លៃជ័រកៅស៊ូនៅតែបន្តធ្លាក់ចុះនោះ នឹងផ្តល់វិបាកសម្រាប់ឧស្សាហកម្មកៅស៊ូ និងកសិករ ខណៈការចំណាយសម្រាប់ពលកម្មក្នុងវិស័យនេះ នៅតែជាបញ្ហាប្រឈម។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕