(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅពេលថ្មីៗនេះ ក្រសួងមហាផ្ទៃទទួលបានព័ត៌មាន ការប៉ុនប៉ងលួចធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន នៅភូមិសាស្ត្រមួយចំនួននៅកម្ពុជា បើសិនកម្លាំងសមត្ថកិច្ចមានការធ្វេសប្រហែសនោះ។
ផ្តើមចេញពីការទទួលព័ត៌មានខាងលើនេះ នាំឲ្យសម្តេចក្រឡាហោម បានចេញសេចក្ដីណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនឲ្យ មានប្រសិទ្ធភាពជាទីបំផុត។
នៅក្នុងសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ក្រសួងបានទទួល ព័ត៌មាន និងបានធ្វើការកត់សម្គាល់នូវសញ្ញាណ ទាក់ទងដល់ការប៉ុនប៉ងលួចលាក់ធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន នៅភូមិសាស្ត្រមួយចំនួន ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន»។
ដើម្បីទប់ស្កាត់បទល្មើសមួយនេះ និងបន្តថែរក្សាពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនទុកឲ្យមានភាពចន្លោះប្រហោង សម្រាប់ពួកឧក្រិដ្ឋជនធ្វើសកម្មភាពបំផ្លិច បំផ្លាញសង្គមជាតិបាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចក្រោមឱវាទ ដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានជាអាទីអំពើភេរវកម្ម ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ល។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ដែលមាននៅខាងក្រោមនេះ៖