(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេ សូមកុំនិយាយដល់ការរាំលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឬកម្មវិធីជួបជុំផ្សេងៗ គឺមានតែរឿងលូនក្រាប រត់ចូលត្រង់សេ ដើម្បីគេចពីគ្រាប់បែករក្សាជីវិតរៀងៗខ្លួន តែប៉ុណ្ណោះ។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌល និងពិពរណ៌ក្រោះពេជ្រ។
បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរយៈពេលជាង២០មកនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំក្រុមគ្រួសារ ញាតិលោហិត ដោយបានរៀបចំកម្មវិធីសប្បាយរីករាយផ្សេងៗ ដោយរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងមកថ្មីៗនេះ។ បើទោះបីមានអាកាសធាតុក្តៅ និងខ្វះថាមពលអគ្គិសនីខ្លះយ៉ាងណាក្តី ក៏ប៉ុនតែប្រជាពលរដ្ឋខ្មែរនៅតែសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប៉ុន្តែត្រូវដឹងឱ្យច្បាស់ថា កត្តាសន្តិភាពបានផ្តល់ឱ្យប្រជាពលរដ្ឋយើង ទទួលនូវការសប្បាយរីករាយ កត្តាសំខាន់ៗដែលធ្វើឱ្យប្រជាជនយើងទទួលបាននូវការរីករាយ ទីមួយមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ កុំនិយាយទៅដល់ការរាំកម្សាន្ត និងយាយពីរឿងក្រាប និយាយពីរឿងលូន និយាយពីរឿងចូលត្រង់សេ អត់ហ៊ានទៅណាទេ អត់ហ៊ានទៅណាទេ អាហ្នឹងកត្តាទីមួយកត្តាសន្តិភាព»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បើមានតែសុខសន្តិភាព ក៏មិនអាចគ្រប់គ្រាន់នោះដែរ ដោយគ្មានការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ទេនោះ ត្រង់ចំណុចនេះសម្តេក៏បានរំលឹកពីអតីតកាលថា កាលពីទសវត្ស៩០ ទោះបីកម្ពុជា បានរំលត់ភ្លើងសង្គ្រាមនៅឆ្នាំ១៩៩៨ ក៏ពិតមែនប៉ុន្តែប្រជាពលរដ្ឋខ្មែរ ពិបាកធ្វើដំណើរទៅលេងស្រុកកំណើតយ៉ាងខ្លាំង ដោយសារតែមានព្រៃយ៉ាងច្រើន ព្រមទាំងទាន់មានហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រាន់។ ដូច្នេះការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅតាមតំបន់នានា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅកម្សាន្តនៅតាមខេត្ត និងតំបន់ទេសចរណ៍នានា។
សម្តេចតេជោ ហ៊ុន សែន បានលើកជាយោបល់ឱ្យមានការពង្រឹងផ្សព្វផ្សាយល្បែងរបាំ វប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសតាមតំបន់លេងកម្សាន្ត និងតំបន់ទេសចរណ៍។ កត្តាដែលនាំឱ្យប្រជាពលរដ្ឋ បានលេងកម្សាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺត្រូវពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួនរួមមាន៖ សុខសន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាជីវភាព៕