(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ បានធ្វើវីដេអូលើកឡើងពីសង្គមរបស់មនុស្សខ្មែរមួយចំនួន ដែលពូកែក្នុងការបន្ទោសលើបញ្ហានានា តែមិនពូកែធ្វើនោះឡើយ។ ការចេញមកធ្វើអធិប្បាយរបស់លោក ជេម សុខ រិះគន់លើបញ្ហានេះ បន្ទាប់ពីរូបលោកមើលឃើញថា ខ្មែរមួយចំនួនចូលចិត្តក្នុងការបន្ទោសបង្អាប់លើរាជរដ្ឋាភិបាលលើបញ្ហាផ្សេងៗ ខណៈអ្នកបន្ទោសនោះមិនបានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ឬបានបង្ហាញមតិយោបល់ដោះស្រាយលើបញ្ហាអ្វីនោះឡើយ។
បុរសដែលតែងតែធ្វើអធិប្បាយលើបញ្ហាសង្គមកម្ពុជាកំពុងរស់នៅលើទឹកដីអាមេរិករូបនេះ បានធ្វើការកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួនពូកែណាស់ក្នុងការបន្ទោសបង្អាប់លើរាជរដ្ឋាភិបាល។ ដូចជាករណីវៀតណាមអាចផលិតរថយន្តបាន ក៏ចាប់បន្ទោសរាជរដ្ឋាភិបាល, សម្តេចតេជោ ហ៊ុន សែន ទៅសុំដែកកំណល់ផ្លូវរថភ្លើងពីថៃ ក៏ត្រូវគេបន្ទោសដែរ។
លោក សុខ សុគន្ធ បានចោទសួរថា តើសម្តេចតេជោទៅសុំដែកនោះមកទុកប្រើជាប្រយោជន៍ជាតិ ឬប្រយោជន៍ផ្ទាល់ខ្លួនទើបពួកគេនាំបន្ទោសបែបនេះ?
បុរសដែលតែងតែលើកពន្យល់ពីបញ្ហាសង្គមកម្ពុជារូបនេះ លើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួនពូកែណាស់ខាងស្តីបន្ទោស រិះគន់លើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេអត់ដែលប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព អត់ប្រឹងប្រែងសិក្សារៀនសូត្រ អត់ប្រឹងប្រែងរកស៊ីកសាងជីវភាពឱ្យប្រសើរនោះឡើយ។ និយាយជារួមពូកែខាងស្តីបន្ទោស រិះគន់តែលើរាជរដ្ឋាភិបាល តែអត់ពូកែក្នុងការកែប្រែខ្លួនឯងនោះឡើយ៕