(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធដែលកំពុងតែបំពេញការងារទាំងក្នុង និងក្រៅប្រទេស បានធ្វើពលីកម្មធំណាស់ ដើម្បីតែសេចក្ដីសុខ និងភាពរីករាយរបស់ប្រជាពលរដ្ឋ ហើយពេលខ្លះក៏គ្មានការជួបជុំក្រុមគ្រួសាររបស់ខ្លួនឯងក៏មានដែរ ដូចក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ។
ព្រមពេលជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចក៏មិនបដិសេដដែលចំពោះភាពអសកម្មមួយចំនួនរបស់កងកម្លាំងប្រដាប់អាវុធ តែមិនត្រូវឲ្យមន្ត្រីខិលខូចមួយចំនួនបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសនោះឡើយ ប៉ុន្ដែភាគច្រើនកម្លាំងប្រដាប់អាវុធ គឺបម្រើពលរដ្ឋយ៉ាងពិតប្រាកដ។
ការមានប្រសាសន៍បែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងឱកាសចូលឆ្នាំកម្លាំងប្រដាប់អាវុធយើង បានឈរយាមយើង គេមិនបានទៅជួបប្រពន្ធកូនរបស់ពួកគេទេ គេនៅឈរបញ្ជាចរាចរណ៍ បញ្ជៀសចរាចរណ៍។ ពិតមែនហើយឃើញមានការជេរតាម Facebook ថាមានមន្ដ្រីនគរបាលខ្លះ គឺយកលុយពីប្រជាពលរដ្ឋ ប៉ុន្ដែបើនិយាយឲ្យចំឈ្មោះកុំនិយាយដល់ពីនគរបាលទាំងមូល ព្រោះពលីកម្មរបស់គេធំធេងណាស់ សម្រាប់សេចក្ដីសុខរបស់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា «រាប់ទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងស្ថិតនៅក្រៅប្រទេសផងដែរ ដែលពេលនោះពួកគេប្រហែលជា បានត្រឹមតែទូរស័ព្ទ ឬក៏ផ្ញើសំឡេងចូលមកកាន់គ្រួសារគេតែប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅសូដង់ នៅម៉ាលី នៅអាហ្វ្រិកកណ្ដាល នៅលីបង់ ពិតហើយមន្ដ្រីយោធា របស់យើងនៅតំបន់អាហ្វួរ ឯណោះ។ ការរៀបចំសណ្ដាប់ធ្នាប់ឆ្នាំនេះ គឺល្អប៉ុន្ដែខ្ញុំនៅរំលឹកអំពីគុណបំណាច់ដែលមិនត្រូវមើលរំលងចំពោះតួនាទីដ៏សកម្ម និងមានប្រសិទ្ធិភាព របស់អាជ្ញាធរថ្នាក់ក្រោមជាតិរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ថ្នាក់ដែលបានចូលរួមការពារសណ្ដាប់ធ្នាប់បង្កលក្ខណៈសប្បាយរីករាយឲ្យប្រជាជន»។
ផ្ដើមចេញពីបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ មិនត្រូវមើលស្រាលចំពោះស្ថានការណ៍ ក្នុងប្រទេសនោះឡើយ គឺត្រូវយកចិត្តទុកដាក់ទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានការវាយប្រហារដោយកម្លាំងភេរវកម្ម ពោលដាច់ខាតត្រូវតែថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕