(កោះកុង)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានប្រគល់វិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារ ISO09001-2015 និងកាត់ខ្សែប៉ូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ក្រោមវត្តមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងគណៈប្រតិភូអមដំណើរលោក ស្រេង ហុង អភិបាលខេត្តស្តីទី, លោក ជឹម ម៉ុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ជឹម ម៉ុន បានថ្លែងថា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ និងការទទួលស្គាល់ស្តង់ដារគុណភាពគ្រប់គ្រងនាឱកាសនេះ លោកក៏ដូចជាបុគ្គលិក មន្ត្រីរាជការលោកគ្រូអ្នកគ្រូ នៃគ្របខណ្ឌអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ការទទួលស្តងដារគ្រប់គ្រងគុណភាព ISO 9001-2015 នេះគឺជាការផ្សព្វផ្សាយដ៏ទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ដឹងពីសក្តានុពល នៃការបណ្តុះបណ្តាកបច្ចេកទេស និងវិជ្ជាជីវៈ របស់មជ្ឈមណ្ឌល និងទទួលបាននូវទំនុកចិត្តពីសំណាក់មហាជន ក្នុងការទទួលបានសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ទាល់នៅមជ្ឈមណ្ឌល។

លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងខិតខំអនុវត្តន៍នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនឹងបន្តពង្រឹងសក្តានុពលនៃវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងខេត្តឲ្យបានរឹងមាំ ស្របតាមគោលនយោបាយណែនាំ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ជូនមជ្ឈមណ្ឌល។

លោក ពេជ សោភ័ន បានថ្លែងថា និស្សិត សិស្សត្រូវខិតខំសិក្សាពីព្រោះចំណេះវិជ្ជា គឺជាសក្តានុពលដ៍អស្ចារ្យមួយសម្រាប់អនាគត ដើម្បីវិវឌ្ឍន៍ខ្លួនឲ្យមានធនធានមនុស្សក្នុងខ្លួន ដើម្បីងាយស្រួលក្នុងការស្វែងរកអនាគត ឬប្រាក់ចំណូលបានច្រើនដើម្បីជីវភាពគ្រួសារ និងអនាគតខ្លួន។ ហេតុដូច្នេះយុវសិស្ស ត្រូវផ្តោតយកការសិក្សាជាធំ ត្រូវគេចពីគ្រឿងញៀន មិនត្រូវឲ្យគ្រឿងញៀនអូសទាញបានឡើយ។

លោកបានបញ្ជាក់ថា ជានិសិ្សតត្រូវចេះរៀនស្រាវជ្រាវបទពិសោធន៍ និងស្វែងយល់ពីការងារ មិនត្រូវឲ្យពេលវេលាកន្លងហួសឡើយ ព្រោះបច្ចុប្បន្នប្រទេសមានសន្តិភាពពេញ ហើយប្រទេសជាតិត្រូវការអ្នកមានចំណេះដឹង ដើម្បីអភិវឌ្ឍន៍៕