(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះនៃគ្រួសារក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ នៅខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធ នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ ដោយពិភាក្សាលើរបៀបវារៈចំនួន៤ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺផ្តោតការយកចិត្តទុកដាក់ជាបឋមលើស្ត្រីមានផ្ទៃពោះ នៃគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ និងស្ត្រីមានផ្ទៃពោះក្រីក្រ ដែលកាន់ប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល ទោះបីជាស្រ្តីទាំងនោះជាកម្មករនិយោជិតក៏ដោយ។ កម្មវិធីនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅ ក្នុងខែមិថុនាខាងមុខ»។
កិច្ចប្រជុំក៏បានពិភាក្សា និងសម្រេចជាគោលការណ៍ លើការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលត្រូវភ្ជាប់ទៅនឹងលក្ខខណ្ឌ នៃការមកទទួលសេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ក្នុងគោលបំណង ក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា កម្មវិធីការឧបត្ថម្ភនេះ ធ្វើឡើងជា៣ដំណាក់កាល៖
* ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន៤០,០០០រៀល ក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះ ចំនួន៤ដងមុនពេលសម្រាលកូន។
* ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភចំនួន២០០,០០០រៀល ក្នុង១ដងគត់ នៅពេលសម្រាលកូន
* ដំណាក់កាលទី៣៖ ផ្តល់ការឧបត្ថម្ភចំនួន៤០,០០០រៀល ក្នុង១ដង នៅពេលមកទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាល ចំនួន០៤ដង និងចំនួន០៦ដង ចុងក្រោយ សម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការ ក្នុង០១ លើកៗ រហូតដល់អាយុ២ឆ្នាំ។
ដោយឡែកសម្រាប់ វឌ្ឍនភាពការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ត្រូវបានក្រសួងសេដ្ឋកិច្ចបង្ហាញថា៖
* ផ្នែកថែទាំសុខភាព៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានគ្រប់ដណ្តប់ប្រជាជនចំនួន ២,០២៤,៣៤០នាក់ ដោយរួមបញ្ចូលទាំងកម្មករ និយោជិក អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។
ក្នុងការអនុវត្តរបបនេះ, ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត ចំនួន១,៣៣៥ (ក្នុងនោះ មាន៖ មន្ទីរពេទ្យ ថ្នាក់ជាតិ៥, មន្ទីរពេទ្យបង្អែក១០៩, មណ្ឌលសុខភាព១,១៧៨ និងគ្លីនិកឯកជន ៤៣) ដើម្បីបង្ខិតសេវាឲ្យកាន់តែកៀកដល់សមាជិក ប.ស.ស.។
* ផ្នែកហានិភ័យការងារ៖ ប.ស.ស. បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ដោយសម្រេចបានការចុះបញ្ជីសហគ្រាសចំនួន ១,៣០៩ ក្នុងនោះមាន កម្មករនិយោជិតចំនួន ១,៧១២,០៣៤ នាក់។
* ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មការនីសម្រាលកូន៖ ក្នុងឆ្នាំ ២០១៨, ប.ស.ស បានឧបត្ថម្ភសាច់ប្រាក់ សម្រាប់កម្មការីសម្រាលកូនក្នុងឆ្នាំ ២០១៨ មានចំនួន៦៥,៨៨៤នាក់ ដែលមានកូនចំនួន៦៥,៩៦៥នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩, កម្មាការនីចំនួន១៩,១០២នាក់ ក៏បានសម្រាលកូន ដោយទទួលបានប្រាក់ឧបត្ថម្ភនេះដែរ៕