(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ជូនប្រជាពលរដ្ឋ និងសាធារណជន អំពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ថា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលទើបត្រូវកែសម្រួលថ្មីថា មិនមែនជាការដំឡើងពន្ធរបស់រាជរដ្ឋាភិបាលនោះទេ ហើយថាកែសម្រួលតម្លៃមូលដ្ឋានគិតពន្ធនេះ ក៏មិនបានជះឥទ្ធិពលដល់តម្លៃប្រាក់ពន្ធ អចលនទ្រព្យប្រចាំឆ្នាំនោះឡើយ ពោល គឺនៅរក្សាតម្លៃដដែល។
ការបញ្ជាក់យ៉ាងដូច្នេះ របស់មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដាររូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តន៍ប្រកាស ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។
លោកអគ្គនាយករងបានបញ្ជាក់ថា តម្លៃអចលនទ្រព្យដែលជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលកំណត់ក្នុងឧបសម្ព័ន្ធនៅតាមរាជធានីខេត្ត គឺមានការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ទាំងស្ថាប័នរដ្ឋ និងវិស័យជន ទើបសម្រេចចេញប្រកាសដាក់ឲ្យអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ។
លោក កែន សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «ការកំណត់ឧបសម្ព័ន្ធថ្មី [តម្លៃអចលនទ្រព្យកំណត់ថ្មី សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា] បើសិនជាយើងមើលមិនបានគិតឲ្យគ្រប់ជ្រុងជ្រោយ អាចគិតថាជាការដំឡើងពន្ធ ប៉ុន្តែជាគោលការណ៍រាជរដ្ឋាភិបាលមិនមានដំឡើងពន្ធទេ សម្តេចតេជោ លោកបានមានប្រសាសន៍ហើយថា រាជរដ្ឋាភិបាលគ្មានការដំឡើងពន្ធទេ គឺមានតែយកពន្ធឲ្យអស់សក្តានុពលទៅ យើងបានពន្ធច្រើន។ អីចឹងដោយសារការកំណត់តម្លៃពន្ធនេះ យើងកំណត់តាំងពីឆ្នាំ២០១០មក។ តម្លៃ២០១០ មកដល់តម្លៃបច្ចុប្បន្នវាខុសគ្នាឆ្ងាយណាស់ យើងគ្រាន់តែធ្វើបច្ចុប្បន្នភាពស្តីពីភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យប៉ុណ្ណោះ អត្រាពន្ធនៅតែ៤ភាគរយ ដដែលយើងអត់មានដំឡើងពន្ធអីទេ»។
លោកបានថ្លែងទៀតថា «សម្រាប់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ នៅតែអនុវត្តន៍ជាធរមានដដែល មិនមានការប្រែប្រួលទេ គឺធ្លាប់បង់នៅឆ្នាំ២០១៨ប៉ុន្មាន គឺត្រូវបង់សម្រាប់ឆ្នាំ២០១៩ ប៉ុណ្ណឹងដែរ»។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានបង្ហាញក្តីរំពឹងថា នៅពេលដែលអនុវត្តន៍ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាថ្មី នឹងធ្វើឲ្យចំណូលពន្ធប្រថាប់ត្រា មានកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានចេញប្រកាសថ្មីមួយ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ៕