(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញខ្លឹមសារ នៃសមយុទ្ធហនុមានមាសឆ្នាំ២០១៩ នៅស្រុកជុំគិរី ខេត្តកំពត។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ កុំឱ្យមានការភ្ញាក់ផ្អើលចំពោះការធ្វើសមយុទ្ធរយៈពេលខ្លីនេះឱ្យសោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា៖ «សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្វឹកហ្វឺន ក្នុងស្រុកជុំគិរី ខេត្តកំពត កុំមានការភ្ញាក់ផ្អើលចំពោះការបាញ់សមយុទ្ធនេះ ហើយក៏ស្នើសុំបងប្អូនយោគយល់ បើសិនជាការធ្វើសមយុទ្ធមានសំឡេងរំខានមួយរយៈពេលខ្លី»។
កម្ពុជានឹងរៀបចំ នឹងសមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាស» លើកទី៤ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ពិធីបើកសមយុទ្ធ «ហនុមានមាស ២០១៩» នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ ចំណែកពិធីបិទសមយុទ្ធនេះ នឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា ហនុមានមាស ២០១៩ ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង បណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។
សមយុទ្ធហនុមានមាស២០១៩ នឹងមានកម្លាំងយោធាចូលរួមចំនួន១៥៩៥នាក់ ហើយអាវុធយុទ្ធភណ្ឌ នឹងប្រើប្រាស់មានដូចជា កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន ឧត្ថម្ភាគចក្រ។ល៕