(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បង្កើតឡើងដោយលោកប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងឆ្នាំ២០១៣ ជាការផ្តួចផ្តើមមួយដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងចិន-អាស៊ាន និងចិនជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការអភិរក្សវប្បធម៌ ការលើកស្ទួយអប់រំ និងទេសចរណ៍ជាដើម។ល។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fresh News មុននឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ចេញទៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «តាមរយៈគំនិតផ្តួចផ្តើមនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា នៅក្នុងនោះ ប្រទេសចិនបានផ្តល់ជំនួយឥតសំណង និងឥណទានដែលមានការប្រាក់ទាប សម្រាប់រាជរដ្ឋាភិបាល ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា៖ ផ្លូវ ស្ពាន ព្រលានយន្តហោះ ប្រព័ន្ធធារាសាស្ត្រ ខ្សែបញ្ជូនអគ្គិសនី និងសំណង់យុទ្ធសាស្ត្រតូចធំ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ នៅក្នុងនោះដែរ រដ្ឋាភិបាលចិន ក៏បានផ្តល់ប្រាក់កម្ចីដល់វិស័យឯកជនចិន ដើម្បីវិនិយោគសាងសង់ទំនប់វារីអគ្គិសនីនៅកម្ពុជាផងដែរ»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលចិន ក៏បានផ្តល់ភាពអនុគ្រោះពន្ធដល់កម្ពុជា ដើម្បីនាំចេញកសិផលដូចជា៖
ចំណិតដំឡូង ពោត ចេក ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក៏បានផ្តល់ជូនសម្តេចតេជោ នូវកូតានាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិនចំនួន ៣សែនតោន កាលពីឆ្នាំ២០១៨ និងបានបង្កើនដល់ទៅ ៤សែនតោន នៅក្នុងឆ្នាំ២០១៩នេះ។ ក្រៅពីនេះមិត្តចិន ក៏បានជួយដល់កម្ពុជាជាច្រើនទៀត។
«ជាទស្សនៈ ខ្ញុំសង្កេតឃើញថាគំនិតផ្តួចផ្តើម OBOR ពិតជាបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រោះនៅក្រោមក្របខណ្ឌ OBOR រដ្ឋាភិបាលចិន បានចាត់ទុកកម្ពុជា ជាដៃគូដ៏សំខាន់ក្នុងការដោះដូរពាណិជ្ជកម្ម និងជំរុញការវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល ហើយភាគីចិនបានលើកតម្កើងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»។ លោក ប៉ាន សូរស័ក្តិ បញ្ជាក់បន្ថែម។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានឱ្យដឹងផងដែរថា នៅក្នុងដំណើរទៅកាន់ប្រទេសចិននាពេលនេះ ភាគីចិនបានស្នើសុំលើកតម្កើងកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ ទៅជាកិច្ចសហប្រតិបត្តិការ សហគមន៍តែមួយ អនាគតរួមគ្នា រវាងកម្ពុជា-ចិន (Cambodia-China Community of Shared Future) ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងត្រូវចុះពិធីសារអំពីផែនការសម្មភាពរួមគ្នារវាងកម្ពុជា-ចិនផងដែរ។
បើតាមលោករដ្ឋមន្ត្រី ពិធីសារដែលនឹងត្រូវចុះហត្ថលេខារួមគ្នានាពេលខាងមុខនេះ គឺមានគម្រោងផែនការសកម្មភាពតាមវិស័យនីមួយៗរបស់ក្រសួងទាំងអស់ ដែលភាគច្រើនគឺជាគម្រោងអភិវឌ្ឍន៍ ដើម្បីស្នើសុំជំនួយឥតសំណង និងជំនួយបច្ចេកទេសនានាពីរដ្ឋាភិបាលប្រទេសចិន។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការិវស័យពាណិជ្ជកម្ម ជាពិសេសជំរុញការនាំចេញអង្ករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន Green Trade បានធ្វើការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយក្រុមហ៊ុន COFCO នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាលើសេចក្តីព្រាងអនុស្សរណៈកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដើម្បីចុះហត្ថលេខា នៅកំលុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ឬ ២៨ ខែមេសា ឆ្នាំ២០១៩។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ភាគីចិន បានឯកភាពទិញអង្ករផ្កាម្លិះ អង្ករស អង្ករក្រអូប របស់ភាគីកម្ពុជា។
- ចំពោះបរិមាណ ក្រុមហ៊ុន COFCO និងប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការនាំចូលបរិមាណ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។
- ប្រសិនបើគូភាគី អាចអនុវត្តបានតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងបរិមាណកូតាអង្ករ ៣០ម៉ឺនតោន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នោះដំណាក់កាលបន្ត ភាគីទាំងពីរ នឹងចាប់ផ្តើមអនុវត្ត MoU សម្រាប់ចំនួនកូតាអង្ករបរិមាណ ៤០ម៉ឺនតោនភ្លាម បន្ទាប់ពីបញ្ចប់ MoU ឆ្នាំ២០១៨។
- សម្រាប់យន្តការត្រួតពិនិត្យធុរកិច្ច ភាគីទាំងពីរនឹងបង្កើតឱ្យមានយន្តការត្រួតពិនិត្យលើការអនុវត្ត MoU នេះរៀងរាល់ត្រីមាស និងដោះស្រាយបញ្ហានានា ប្រសិនបើកើតឡើងក្នុងអំឡុងពេលអនុវត្ត៕