(ម៉ូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្យារួមគ្នាថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងរវាងគ្នា ឱ្យកាន់តែរឹងមាំឡើង ខណៈទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនកំពុង ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្រោយកិច្ចប្រជុំកំពូលនៅវៀតណាម កាលពីខែកុម្ភៈ បានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
ការសន្យារបស់មេដឹកនាំទាំងពីរ ធ្វើឡើងនៅក្នុងជំនួបលើកដំបូង នៅថ្ងៃព្រហស្បតិ៍នេះ នៅឯកោះ រ៉ាស់ស្កាយ (Russky) ទីក្រុងវ្ល៉ាឌីវ៉ូស្តូក (Vladivostok) ស្ថិតនៅភាគខាងកើតបំផុត នៃប្រទេសរុស្ស៊ី។ ស្ថិតក្នុងឱកាសនោះ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់អ្នក (លោក គីម) មកកាន់រុស្ស៊ី នឹងជួយឱ្យពួកយើងយល់កាន់តែច្បាស់ថា ត្រូវធ្វើយ៉ាងដូច ម្ដេចក្នុងការដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ និងអ្វីដែលរុស្ស៊ីអាចធ្វើបាន ដើម្បីជួយសម្រេចចិត្តវត្ថុបំណងនេះ»។
ជាកិច្ចឆ្លើយតបនៅចំពោះមុខលោក ពូទីន លោក គីម ជុងអ៊ុន ក៏បានធ្វើការគូសបញ្ជាក់ប្រកបដោយសង្ឃឹមថា កិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំឡើងផងដែរ។
គួរបញ្ជាក់ថា លោក ពូទីន និងលោក គីម នឹងត្រូវពិភាក្សាគ្នាពីសំណុំរឿងនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែលោក គីម ក៏ត្រូវបានគេដែរថានឹងស្វែងរកការធានា និងការគាំទ្រពីរុស្ស៊ី ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ នៅវៀតណាមបរាជ័យ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយ កាលពីឆ្នាំ២០១១៕