(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖០០នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន។
យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះ ចតប្រកបដោយសុវត្តិភាព នៅអាកាសយានអន្តរជាតិប៉េកាំង ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗដទៃទៀតនេះ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។
បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជាផងដែរ។
ប្រភពបន្តថា ក្នុងកំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មានការរំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកលវិទ្យាល័យប៉េកាំង។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។
ចិនបានចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។ លោក ស៊ី ជិនពីង បានប្រកាសពីគម្រោងយុទ្ធសាស្រ្តនេះជាលើកដំបុង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៣។ ក្នុងរយៈពេលត្រឹមតែ០៥ឆ្នាំ BRI បានវិវត្តន៍ខ្លួនពីគំនិតរហូតដល់ក្លាយទៅជាវេទិកាគន្លឹះមួយ ដើម្បីការកសាងសហគមន៍មួយ ដែលមានអនាគតចែករំលែករួមគ្នាសម្រាប់មនុស្សជាតិ និងសម្រាប់ទំនិញសាធារណៈអន្តរជាតិ៕