(ប៉េកាំង, ចិន)៖ នៅទីក្រុងប៉េកាំង ប្រទេសចិន មុននឹងអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាគ្នាលើការងារមួយចំនួន។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហាញនូវការស្ញប់ស្ញែង និងរីករាយចំពោះការរីកចម្រើន និងសមិទ្ធិផលរីកចម្រើនជាច្រើនរស់ប្រទេសវៀតណាម ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។

សម្តេចតេជោ បានបន្តថា «យើងពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រ៉ំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ»

ដោយឡែក នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនខ្ពស់។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្តែងការរីករាយចំពោះភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមផងដែរ។ លោកបានបញ្ជាក់ថា «យើងពិតជាមានការ រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ»

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅនេះ ថ្នាកដឹកនាំកម្ពុជា-វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាខណ្ឌសីមា និងការបោះបង្កោលព្រំដែន ព្រមទាំងការប្រឹងប្រែងសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារនៅឆ្នាំ២០២០ ក៏ដូចជាផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន៕