(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជានោះ ជូនដល់គណៈកម្មការជំនាញរបស់ខ្លួនពិនិត្យ និងសិក្សា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ផងដែរ។
សេចក្តីព្រាងច្បាប់ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេច ប្រគល់ឲ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សានោះមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។
សេចក្តីព្រាងច្បាប់ចំនួនបីខាងលើ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា។
៥៖ រីឯសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា៕