(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានណែនាំអំពីគោលការណ៍ និងវិធានការចំនួន៧ចំណុចសំខាន់ៗ សម្រាប់អនុវត្តនៅពេលការពារសន្ដិសុខ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្ដិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។

របាយការណ៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៣ បានបង្ហាញថា កម្លាំងសមត្ថកិច្ច មានទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា សរុបជាង៣ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ចាប់តាំងពីពេលឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត, កម្លាំងត្រៀមអន្ដរាគមន៍នៅថ្នាក់កណ្ដាល យោធភូមិភាគ និងរាជធានី-ខេត្ត។

ដោយឡែក គោលការណ៍ណែនាំ និងវិធានការមួយចំនួន ដែលនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដាក់ចេញក្នុងកិច្ចប្រជុំនោះរួមមាន៖

ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងនាមជាក្បាលម៉ាស៊ីនដឹកនាំ ដែលមានកងកម្លាំង នគរបាល កងរាជអាវុធហត្ថ និងកងយោធពខេមរភូមិន្ទ ជាសេនាធិការ ត្រូវកសាងផែនការសកម្មភាព ជាក់ស្តែង ដើម្បីចាត់តាំងអនុវត្ត ធានាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់ទាំងពីរនេះ
ផ្អែកតាមប្រតិទិនរបស់ គ.ជ.ប និងត្រូវធានានូវបរិមាណកម្លាំងគ្រប់គ្រាន់ សម្រាប់ផ្តល់សេវាសន្តិសុខ ដល់ការរៀបចំបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ ផង និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១៩ផង។

ទី២៖ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានអព្យាក្រឹតភាព និងគោរពឲ្យបានត្រឹមត្រូវច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីរបស់ គ.ជ.ប និងក្រមសីលធម៌។ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត បេក្ខជន វាគ្មិន និងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ក្នុងការធ្វើសកម្មភាពស្របច្បាប់ពាក់ព័ន្ធដល់ការបោះឆ្នោត និងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយ ស្មើភាពគ្នា។

ទី៣៖ ត្រូវការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ជាមុន និងចាត់ចែងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ទាន់ហេតុការណ៍ដែលកើតឡើង ជាពិសេសអំពើ ប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម អំពើហិង្សា ក៏ដូចជាបញ្ហាទំនាស់នៅក្នុងសង្គម និងបាតុភាពបង្កឲ្យបាត់
សណ្តាប់ធ្នាប់សាធារណៈ។ល។ រាល់បទល្មើសដែលកើតឡើង ទោះក្រោមរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឲ្យឃើញជនល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយត្រូវជៀសវាង ឲ្យបាននូវនិទណ្ឌភាព។

ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវមានកិច្ចសហការ និងសម្របសម្រួលឲ្យបាន ជាប្រចាំជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អង្គការជាតិ-អន្តរជាតិ និងសង្គមស៊ីវិលលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំចម្រុះ ដែលនឹងត្រូវ រៀបចំឡើងដោយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងគោលដៅជួប ពិភាក្សាគ្នា ស្វែងរកដំណោះស្រាយសមស្រប និងការចាត់វិធានការចាំបាច់នានា ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយរាល់បញ្ហាទំនាស់ ឬបាតុភាពនានា ក្នុងអំឡុងពេលនៃការរៀបចំការបោះឆ្នោត ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ទី៥៖ ក្នុងគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត អាចនឹងលេចចេញនូវបាតុភាពផ្សេងៗ សំដៅ រាំងស្ទះ ឬបន្ទូចបង្អាក់ដល់ការបោះឆ្នោត ជាពិសេស ដំណាក់កាលនៃការឃោសនាបោះឆ្នោត គឺជា ដំណាក់កាលតឹងរឹងបំផុត ដោយហេតុថារយៈពេលនេះ គឺជាការតស៊ូខាងនយោបាយក្តៅគគុករបស់គ្រប់
គណបក្សនយោបាយដែលចូលរួមបោះឆ្នោត ហើយជាដំណាក់កាលងាយនឹងកើតឡើងនូវទំនាស់ ឬ បទល្មើសផ្សេងៗ ប្រសិនបើមិនគោរពច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោលការណ៍ណែនាំផ្សេងៗរបស់ គ.ជ.ប

ទី៦៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោតជាដំណាក់កាលដែលមានសារៈសំខាន់ ដែលគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងកម្លាំងការពារសន្តិសុខទាំងអស់ ត្រូវលើកកំពស់ស្មារតីទទួល ខុសត្រូវក្នុងភារកិច្ចការពារ ដោយសហការឲ្យបានល្អជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ពិសេស ប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការ និងគ្រប់គ្រង
ឲ្យបាននូវសភាពការណ៍សន្តិសុខនៅតាមការិយាល័យបោះឆ្នោតនីមួយៗ។

ចំពោះកម្លាំងការពារផ្ទាល់ តាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពអនុវត្តឲ្យបានតាមគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ។ រាល់សកម្មភាពអន្តរាគមន៍ផ្សេងៗត្រូវមានសំណូមពរ និងការសម្រប សម្រួលពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។

ទី៧៖ ដើម្បីការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងការពារការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ឲ្យមានប្រសិទ្ធភាព គ្រប់រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ធានាសុវត្ថិភាពដាច់ខាតនូវទីកន្លែងរក្សាទុក ឬការដឹកជញ្ជូនសម្ភារបរិក្ខារ និងឯកសារពាក់ព័ន្ធដល់
ការងារបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ពីគោលដៅមួយទៅកាន់គោលដៅមួយទៀត ដែលត្រូវបានកំណត់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងគ្នា៕