(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្រោយរកឃើញនាំលុយជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។

ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ
*ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ
*ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា។

ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕