(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍អះអាងថា គោរមងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលទទួលបានពីសាកលវិទ្យាល័យប៉េកាំង គឺបង្ហាញនូវការទទួលស្គាល់សមត្ថភាព នៃការដឹកនាំដ៏ឈ្លាសវៃ ផ្នែកយុទ្ធសាស្ត្រការទូតនៅក្នុងសាកលភាវូបនីយកម្ម។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណសាទរ និងមោទនភាពចំពោះសម្តេចតេជោ ហ៊ុន សែន ដែលកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ត្រូវបានសាកលវិទ្យាល័យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់គោរមងារជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល Fresh News ទទួលបាន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោរមងារនេះ បង្ហាញឱ្យឃើញជាថ្មីទៀតនូវការទទួលស្គាល់សមត្ថភាពនៃការដឹកនាំដ៏ឈ្លាសវៃ ផ្នែកយុទ្ធសាស្ត្រការទូត នៅក្នុងសាកលភាវូបនីយកម្ម ដែលបានធ្វើឱ្យកម្ពុជា ប្រែក្លាយពីប្រទេសឯកាទៅជារដ្ឋឯករាជ្យ អធិបតេយ្យ ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ មានព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គង់ប្រថាប់ជាម្លប់ និងជានិមិត្តរូបនៃឯកភាព និងនិរន្តរភាពជាតិ»

អង្គភាពអ្នកនាំពាក្យ យល់ឃើញថា គុណវឌ្ឍិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបកស្រាយ និងបង្ហាញតាមរយៈសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជន និងប្រជាជាតិ ជាប្រវត្តិសាស្ត្រខ្មែរគ្មានពីរ បន្ទាប់ពីសម័យកាលអង្គរក្នុងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យ យល់ឃើញទៀតថា ការផ្តល់គោរមងារជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិនេះ គឺជាការទទួលស្គាល់បន្ថែមទៀត ចំពោះធាតុប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ក្នុងកិច្ចការរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយធានាបានឯករាជ្យ និងអធិបតេយ្យជាតិ ផ្តល់ឱកាសស្មើភាព នៃការចូលរួមវិភាគទានពីវិនិយោគិន អន្តរជាតិ ជាពិសេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា គឺមហាមិត្តចិន ដែលធ្វើឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ច ៧,៧ ភាគរយក្នុងមួយឆ្នាំ។

ជាងនេះទៀត ការផ្តល់គោរមងារនេះ គឺជាសក្ខីកម្មបង្ហាញពីទំនាក់ទំនងល្អ និងពិសេសផ្នែកការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន ទាំងកម្រិតតំបន់ និងសកលលោកកាន់តែមានសន្ទុះខ្លាំងឡើង គឺក្រោយពេលដែលប្រទេសទាំងពីរនេះបានឈានដល់កម្រិតភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ តាំងពីខែធ្នូ ឆ្នាំ២០១០ ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាការចូលរួមវិភាគទានសម្រាប់ការរីកចម្រើនក្នុងតំបន់ផងដែរ។

អង្គភាពអ្នកនាំពាក្យ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដែលការសម្រេចចិត្តនេះ មិនត្រឹមតែទទួលបានផលដ៏ប្រសើរពីអតីតកាលរហូតដល់បច្ចុប្បន្ននេះប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់អនាគតកាលប្រកបដោយជោគជ័យនៃក្តីសង្ឃឹម និងការរីកចម្រើនទៀតផង។ គោរមងារនេះ ក៏ជាសារការទូតដ៏ខ្លាំងទៅកាន់ឆាកអន្តរជាតិថា ព្រះរាជាណាចក្រអច្ឆរិយៈនេះ មិនត្រឹមតែជាគោលដៅទេសចរណ៍ និងវិនិយោគជាតិ និងអន្តរជាតិ ប្រកបដោយសុវត្ថិភាពនោះទេ ក៏ប៉ុន្តែជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលៗលំដាប់ពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ និងតំបន់ប្រវត្តិសាស្ត្រអង្គរ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៉ី-អឺរ៉ុប (ASEM)។

បើតាមសេចក្តីថ្លែងការណ៍ដដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងការអបអរសាទរយ៉ាងក្លៀវក្លា ឱឡារឹកចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបូជាទាំងកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា តាំងពីបាតដៃទទេ រហូតដល់ប្រជាជាតិនេះទទួលបានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ វិបុលភាព កសាងទំនាក់ទំនងល្អ សហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា ទាំងក្នុងតំបន់ និងអន្តរជាតិព្រមទាំងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចថែរក្សា សន្តិភាព និងវិបុលភាព ពិភពលោក ដែលជាសក្ខីភាពដ៏ឧត្ដុង្គឧត្តម ក្នុងការទទួលបានគោរមងារជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិនេះ៕