(ភ្នំពេញ)៖ បន្ទាប់ពីទស្សនកិច្ចស្វែងយល់នៅធនាគារចិនរួចហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ រួមានការចុះហត្ថលេខាដោយរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នរបស់កម្ពុជាជាមួយភាគីធនាគាចិនដូចជា៖ លោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ , លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook នៅយប់នេះថា កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
សម្តេចតេជោបានបន្តថា នៅឆ្នាំ២០១៨ កម្ពុជានិងចិន បានរៀបចំនូវ សកម្មភាពយ៉ាងអធឹកអធម អបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន ១៖ ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ២៖ ពិធីជប់លៀងនៅស្ថានទូតចិនក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ព្រមទាំងជារឿយៗប្រទេសទាំង២ តែងតែមានការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរផងដែរ៕