(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានទម្លាយថា មេគំណិតដែលបង្កើតនយោបាយលាបពណ៌ នៅក្នុងប្រទេសកម្ពុជា គឺទណ្ឌិត សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «វប្បធម៌លាបពណ៌នយោបាយ ជាគំនិតនយោបាយរបស់ សម រង្ស៉ី ដែល សម រង្ស៉ី យឹម សុវណ្ណ និង អ៊ូ ប៊ុនឡុង បាននិយាយផ្ទាល់ក្រៅផ្លូវការជាមួយពួកខ្ញុំ តំណាងក្រុមអង្គការសង្គមស៊ីវិល តាំងពីឆ្នាំ២០០១»។
លោកលើកលោក សម រង្ស៉ី មកនិយាយថា ដើម្បីឲ្យពលរដ្ឋខ្មែរអ្នកស្អប់សម្តេចតេជោ ហ៊ុន សែន និងស្អប់វៀតណាម គឺអ្នកគាំទ្រ និងបោះឆ្នោតឲ្យអតីតគណបក្ស សម រង្ស៉ី ត្រូវនិយាយថា គណបក្សផ្សេងៗដែលបង្កើតឡើងហើយមិនចូលរួមជាមួយលោកនោះ គឺជាគណបក្សរណបសម្តេចតេជោ ហ៊ុន សែន និងជាគណបក្សដែល សម្តេចតេជោ ហ៊ុន សែន ឲ្យលុយបង្កើត។
លោក សួន សេរីរដ្ឋា បាននិយាយថា «លោក សម រង្ស៉ី និយាយថា "ខ្មែរអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិស្អប់ ហ៊ុន សែន ដល់ឆ្អឹង។ ដូច្នោះឲ្យពួកយើងនិយាយថា គណបក្សដែលក្រៅពីគណបក្ស សម រង្ស៉ី ជាគណបក្សអាយ៉ង ហ៊ុន សែន ហើយ ហ៊ុន សែន ឲ្យលុបង្កើតនោះ គ្មាននរណាបោះឆ្នោតឲ្យទេ។ ពេលនោះយើងគណបក្ស សម រង្ស៉ី ទទួលបានសំឡេងអ្នកស្អប់ ហ៊ុន សែន ទាំងអស់"។ ក្នុងពេលនោះមាន អ៊ូ ប៊ុនឡុង និង យឹម សុវណ្ណ ជាអ្នកងក់ក្បាលបន្ថែម ដូច្នោះហើយទើបក្រុម សម រង្ស៉ី និយមនេះប្រើនយោបាយលាបពណ៌នេះរហូតដល់ថ្ងៃនេះ ! ឲ្យតែគេមិនចូលជាមួយខ្លួន គឺលាបពណ៌ថាជាអាយ៉ង ហ៊ុន សែន ថា យកលុយ ហ៊ុន សែន និងថា ហ៊ុន សែន ឲ្យបង្កើតទាំងអស់»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នូវរាល់សកម្មភាពលាបពណ៌គ្នានៅក្នុងសង្គមជាតិផងដែរ ព្រោះការលាបពណ៌គ្នា គឺជាមូលហេតុចម្បងដែលនាំឱ្យប្រជាជាតិស្អប់គ្នា រហូតឈានដល់ការកកើតសង្គ្រាម។
ថ្លែងតាមរយៈ Facebook ផ្លូវការរបស់ខ្លួន រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាបពណ៌ ជាមូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសងសឹកគ្នា រហូតឈានដល់ការកកើតសង្គ្រាមដែលមិននឹកស្មានដល់។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌ និងរួមគ្នាទប់ស្កាត់ឱ្យខានតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា»៕