(ប៉េកាំង, ចិន)៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃមហាអំណាចិន បានប្រកាសអះអាងជាថ្មីក្នុងការជួយកម្ពុជាឱ្យអស់ពីលទ្ធភាពដើម្បីឆ្លងកាត់នូវឧបសគ្គនានាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស។ ជាពិសេសជំរុញអ្នកវិនិយោគចិនឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត បើទោះបីកម្ពុជាប្រឈមនឹងការគំរាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុបក៏ដោយនោះ។
ការបង្ហាញនូវជំហរដ៏ម៉ឹងម៉ាត់ក្នុងការជួយដល់កម្ពុជាពីសំណាក់លោក លី ខឺឈាង បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋទៀវអ៉ីថាយ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន លោក លី ខឺឈាង បានបង្ហាញក្តីសប្បាយរីករាយ ដែលបានជួបសម្តេចតេជោ ហ៊ុន សែនជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ, លោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ប្រទេសចិន ប្រទេសចិនជាមិត្តរបស់កម្ពុជា ហើយចិនជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។
លោក លី ខឺឈាង បន្តថា អ្វីដែលលោកចង់ឃើញគឺការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបោះជំហានទៅមុខ និងការបម្រើផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ពិសេសចិននឹងបន្តគាំទ្រដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលផ្តើមការពិភាក្សាជាមួយកម្ពុជាដែលទាក់ទិនទៅនិងសហភាពអឺរ៉ុប ដែលត្រៀមដក EBA ពីកម្ពុជា។ តាមរយៈអ្វីដែលភាគីចិនមានគម្រោងជួយដល់កម្ពុជានោះ សម្តេចតេជោ បានស្នើនៅចំពោះមុខលោកនាយករដ្ឋមន្រ្តីចិន ធ្វើយ៉ាងណាជួយជំរុញឲ្យក្រុមហ៊ុនចិន បន្តការបណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត។
ឆ្លើយតបសំណើរបស់សម្តេចតេជោ, លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ដូច្នេះថា «ចិនមានឆន្ទៈច្បាស់លាស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិនដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋាភិបាលចិន នឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ បង្កើនខ្សែសង្វាក់ផលិតបន្ថែមទៀតនៅកម្ពុជា»។
លោក លី ខឺឈាង បានសង្កត់ធងន់ថា «បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជាបានឡើយ ហើយចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់»។
សម្តេចតេជោបានអះអាងនៅចំពោះមុខនាយករដ្ឋមន្ត្រីចិនថា កម្ពុជានឹងបន្តធ្វើកំណែទំរង់ផ្ទៃក្នុងខ្លួនឯងឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានល្បឿនខ្ពស់ជាងមុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើដល់ភាគីចិន ជួយដល់ខេត្តព្រះសីហនុលើការគ្រប់គ្រង ពិសេសជួយដល់បញ្ហាទឹកកខ្វក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍទឹកស្អាត និងការអភិវឌ្ឍជនបទ ដើម្បីឲ្យខេត្តព្រះសីហនុក្លាយជាខេត្តគំរូ នៃការនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ។
ទាក់ទិនទៅនិងសំណើររបស់ សម្តេចតេជោដែលបានស្នើឲ្យភាគីចិនបន្តបើកចំហរទីផ្សារក្នុងប្រទេសចិន ដើម្បីទទួលយកនូវផលិតផលពីប្រទេសកម្ពុជា លោកនាយករដ្ឋ មន្រ្តីចិន មានប្រសាសន៍ថា ភាគីចិននឹងពិនិត្យលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការទទួលនូវផលិតផល ពីប្រទេសកម្ពុជាលើអ្វីដែលប្រទេសចិនមានតម្រូវការចាំបាច់នោះ៕