(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN ក្រោមបទចោទប្រកាន់ពីបទ «សម្អាតប្រាក់» តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ LY ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN រួចមកពីបទ «សម្អាតប្រាក់» តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ហើយបញ្ជូនបុគ្គលទាំងនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី។

សូមរំលឹកថា កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។

ជនសង្ស័យទាំង៣នាក់រួមមាន៖
* ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខ EC9259330 មុខរបរ មិនពិតប្រាកដ។
* ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ ED4367915 មុខរបរ មិនពិតប្រាកដ។
* ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខ E 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទាន ភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា។ ការចាប់ខ្លួនជនជាតិចិនទាំង៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕