(ប៉េកាំង)៖ ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមហាអំណាច បាននឹងកំពុងកាន់តែស៊ីជម្រៅបន្ថែមទៀត ក្រោយវេទិកាកំពូលខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធីបតីចិន ស៊ី ជីនពីង បានបញ្ចប់ដោយជោគជ័យ នៅទីក្រុងប៉េកាំង ក្រោមប្រធានបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មី សម្រាប់ការរីកចម្រើន» ខណៈមេដឹកនាំជុំវិញពិភពលោក មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់សម្តែងការអបអរសាទរចំពោះវេទិកាដ៏សំខាន់មួយនេះ។
តាមការពិភាក្សានៃវេទិការកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើក ទី២នេះ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូទាំងអស់ បានឯកភាពគ្នាឈានទៅចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលតុមូលរបស់ថ្នាក់ដឹកនាំ នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៣៨ចំណុច។ ក្នុងនោះប្រទេសកម្ពុជាដែលមហាមិត្តរបស់ចិន បានចាត់ទុកថា វេទិការនេះជាការតភ្ជាប់រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពាណិជ្ជកម្មទំនើបនិងសេវាកម្ម ក៏ដូចជាការវិនិយោគ ការបង្កើនឱកាសការងារ និងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងចិន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងដោយម៉ឹងម៉ាត់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងទៀតថា គំនិតផ្តួចផ្តើមមួយនេះ មិនមែនជាការដាក់អន្ទាក់បំណុល ដូចការលើកឡើងរបស់មតិប្រទេសមួយចំនួននោះឡើយ។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខប្រធានាធិបតីចិន រួមនឹងបណ្តាមេដឹកនាំ និងតំណាងមកពីបណ្តាប្រទេសជាង ១០០នៅលើពិភពលោក ក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២។
អ្នកវិភាគបានវាយតម្លៃថា វេទិកាកំពូលខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននេះបាននាំប្រយោជន៍ដ៏ធំធេងសម្រាប់ប្រយោជន៍ជាតិទាំងមូលរបស់កម្ពុជា ទាំងការអភិវឌ្ឍន៍ និងការកសាងផ្លូវថ្នល់សម្រាប់ប្រជាពលរដ្ឋ និងការតភ្ជាប់បណ្តាញទំនាក់ទំនងពេញអាស៊ានតែម្តង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិស៊ីជម្រៅទ្វេដងរវាងកម្ពុជា និងមហាមិត្តចិន។ វេទិការខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ បាននាំកម្ពុជាទៅកាន់តែខ្លាំងក្លាផ្នែកសេដ្ឋកិច្ច ប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។
គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» នេះជាមហាគំនិតរបស់មេដឹកនាំកំពូលរបស់ចិន ដើម្បីពង្រីកបណ្តាញទំនាក់ទំនងជុំវិញពិភពលោកទាំងផ្លូវគោក និងផ្លូវទឹកក្នុងគោលបំណង ពង្រីកវិស័យសេដ្ឋកិច្ចទៅកាន់បណ្តាប្រទេសជាមិត្ត និងបណ្តាប្រទេសនៅលើពិភពលោក ទទួលយកនូវផលប្រយោជន៍ដ៏សំខាន់នេះ ដែលផលប្រយោជន៍នោះ មិនមែនសម្រាប់តែ ចិនម្នាក់ឯងប៉ុណ្ណោះទេ ជាផលប្រយោជន៍សេដ្ឋកិច្ចទាំងអស់គ្នា។ កម្ពុជាបានទទួលផលប្រយោជន៍ដ៏ល្អនេះ តាមរយៈការកសាងស្ពានផ្លូវថ្នល់ជាច្រើន ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញទៅព្រះសីហនុ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង២០០០លានដុល្លារ ដែលជាផ្នែកមួយនៃកម្មវិធី «ខ្សែក្រវ៉ាត់និងផ្លូវ»។
ដោយឈរលើស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍ជាមួយគ្នា និងទទួលបានឱកាសដូចគ្នា។ គំនិតផ្តួចផ្តើមវេទិកានេះនឹងមិនផ្តល់ផលប៉ះពាល់ជាអវិជ្ជមាន ដល់ប្រទេសណាមួយឡើយ។ ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យ យើងមានសិទ្ធិ និងជម្រើសក្នុងការសម្រេចយកតែអ្វីដែលយើងចង់បាន និងប្រភេទហិរញ្ញប្បទានណាដែលយើងត្រូវការ ហើយអនុវត្តន៍គម្រោងទាំងនោះដោយឈរលើគោលការណ៍នៃការពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំការអភិវឌ្ឍជាតិរបស់ខ្លួន៕