(ប៉េកាំង, ចិន)៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការកម្រិតបច្ចេកទេសចំនួន៤ ត្រូវបានចុះហត្ថលេខារវាងអង្គភាពជំនាញ នៃក្រសួងធនធានធម្មជាតិចិន និងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា។ កិច្ចព្រមទាំងទាំង៤នោះ រួមមានកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងនិងអភិរក្សផ្កាថ្ម, ការបង្កើតនូវស្ថានីយ៍តាមដាននិងស្រាវជ្រាវបរិស្ថានសមុទ្រ, កម្មវិធីអង្កេតស្រាវជ្រាវរួមគ្នាអំពីអេកូឡូស៊ីសមុទ្រ និងកិច្ចព្រមព្រៀងស្តីពីផែនការបែងចែកតំបន់ប្រើប្រាស់ធនធានសមុទ្រ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក វ៉ាង ហុង អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងជាប្រធានរដ្ឋបាលសាគរចិន ក្រោយជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្រនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ក្រៅពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ លោក អ៊ាង សុផល្លែត និង លោក វ៉ាង ហុង បានពិភាក្សាលើការងារជាច្រើនជាមួយគ្នា ដើម្បីស្វែងរកឱកាសជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យសមុទ្រ ក្រោមវិសាលភាពនៃអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខារវាងក្រសួងបរិស្ថានកម្ពុជា និងរដ្ឋបាលសាគរចិន កាលពីឆ្នាំ២០១៦ កន្លងទៅ។
លោក វ៉ាង ហុង បានជម្រាបជូនគណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា ពីការធ្វើសមាហរណកម្មរដ្ឋបាលសាគរចិនទៅក្រោមក្រសួងធនធានធម្មជាតិ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៍ល្អក្នុងវិស័យសមុទ្រដែលបានអនុវត្តកន្លងមកជាមួយកម្ពុជា ដោយសម្រេចបាននូវសមិទ្ធិផលមួយចំនួនដូចជា ការស្រាវជ្រាវសមុទ្ររួមគ្នា និងការរៀបចំវេទិកាស្តីពីសមុទ្រជាលក្ខណៈតំបន់និងអន្តរជាតិ និងសកម្មភាពបច្ចេកទេសផងដែរ។
លោក វ៉ាង ហុង បានស្នើនូវកិច្ចសហប្រតិបត្តិការបន្ថែម ដែលនឹងកំណត់ក្នុងកិច្ចព្រមព្រៀងអនុវត្តការងារ ដូចជាការស្រាវជ្រាវសមុទ្ររួមគ្នាជំហានទី២ រៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រដែលនឹងផ្តោតលើផែនការប្រើប្រាស់ធនធានសមុទ្រ និងបញ្ហាពាក់ព័ន្ធមួយចំនួន។
ដោយឡែកលោក អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងយកចិត្តទុកដាក់របស់ភាគីចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រ ដែលទទួលបានលទ្ធផលជាផ្លែផ្កាដូចដែលឯកឧត្តមវ៉ាង ហុងបានគូសបញ្ជាក់ខាងលើ។
លោករដ្ឋលេខាធិការ បានស្នើឱ្យមានកិច្ចពិភាក្សាបន្ថែមទៀត ក្នុងការរៀបចំឱ្យមានកិច្ចសហប្រតបត្តិការថ្មីៗលើវិស័យសមុទ្រ ដែលនាំដល់ការអភិវឌ្ឍការគ្រប់គ្រងសមុទ្រកម្ពុជាប្រកបដោយចីរភាព និងបានឯកភាពទទួលយកនូវសំណើររៀបចំនូវកិច្ចប្រជុំគណៈកម្មការរួមចិន-កម្ពុជាលើកទី២ និងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្រ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខនេះនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ លោក វ៉ាង ហុង បានទទួលយកនូវសំណើររបស់កម្ពុជាលើគម្រោងសាងសង់មន្ទីរពិសោធន៍រួមកម្ពុជា-ចិន សម្រាប់ការសិក្សាស្រាវជ្រាវលើវិស័យសមុទ្រ និងការរៀបចំនូវរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានសមុទ្រ និងតំបន់ឆ្នេរ៕