(ប៉េកាំង-ចិន)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឲ្យក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបដ៏មានសារសំខាន់នោះ បើតាមការឲ្យដឹងពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានឲ្យដឹងក្រោយជំនួបថា នៅក្នុងជំនួបនោះភាគីខាងក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន បានជម្រាបជូនសម្ដេចតេជោ ថា លោកបានអញ្ជើញទៅកាន់ប្រទេសកម្ពុជា ហើយបានសិក្សាលម្អិត អំពីស្ថានភាពនៃថាមពលនៅក្នុងប្រទេសកម្ពុជា ព្រមជាមួយគ្នានេះលោកក៏បានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងដើរដោយខ្យល់បាន។
លោកបានបន្តថា ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះសូឡា (Solar Panel) គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។
ជាការឆ្លើយបតនឹងបំណងចង់វិនិយោគនៅកម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា៕