(ប៉េកាំង, ចិន)៖ ប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៦០០លានយន់ ស្មើនឹងប្រមាណជិត ៩០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យការពារជាតិកម្ពុជាឱ្យកាន់តែប្រសើរ។
មុននឹងបញ្ចប់ដំណើរបេសកកម្មនៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីចិន។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន បានលើកយកបញ្ហាជាច្រើនពាក់ព័ន្ធការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការពង្រឹងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធវិស័យការពារជាតិនេះ លោក កៅ គឹមហួន បានឱ្យដឹងថា លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រ និងគាំពារវិស័យការពារជាតិរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីការពារនូវបូរណភាព និងអធិបតេយ្យរបស់កម្ពុជា។
ដោយឡែកបញ្ហាធ្វើពាណិជ្ជរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីចិន បន្តជួយគាំទ្រដល់រោងចក្រសហគ្រាសរបស់ចិនប្រមាណ៧០០ ដែលកំពុងរកស៊ីនៅកម្ពុជាឱ្យបន្តរកស៊ីនៅកម្ពុជាបន្ថែមទៀត ហើយក៏បានស្នើឱ្យជំរុញអ្នកវិនិយោគថ្មីរបស់ចិនបន្ថែមទៀតចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងដកពីប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានាធិបតីចិនថា កម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាការប្រតិបត្តិការនានារបស់ក្រុមហ៊ុន និងធានាបាននូវការប្រកួតប្រជែងផលិតផលផលិតនៅកម្ពុជាលើទីផ្សារអន្តរជាតិ។
ដើម្បីដោះស្រាយនូវអ្វីដែលជាការគំរាមពីសហភាពអឺរ៉ុបតាមរយៈការព្យួរ EBA នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានាធិបតីចិន បើកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយថែមទៀតសម្រាប់ផលិតផលកម្ពុជា។
ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន, លោក ស៊ី ជីនពីង បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ដូច្នេះ ចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងក្របខណ្ឌជាដៃគូនៃទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធបញ្ហា EBA លោកប្រធានាធិបតីចិន បានអះអាងថា ចិន នឹងប្រឹងប្រែងជួយដោះស្រាយនូវបញ្ហាប្រឈមនេះ ដោយជំរុញអ្នកវិនិយោគចិនមកកម្ពុជាឱ្យកាន់តែច្រើន និងបើកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែទូលាយថែមទៀត។
លោក ស៊ី ជីនពីង បានអះអាងផងដែរថា តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» លោកនឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស សាងសង់ព្រលានយន្តហោះ និងផ្លូវល្បឿនលឿនជាដើមនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនាព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យនៃវេទិកា «ខ្សែក្រវាត់ និងផ្លូវ»លើកទី២របស់ចិនផងដែរ។ សម្តេចតេជោ បានអះអាងថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» បានចូលរួមចំណែកយ៉ាងល្អប្រសើរក្នុងការអភិវដ្ឍន៍នៅតាមប្រទេសជាសមាជិក ហើយសម្រាប់កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះ សម្រាបការអភិវឌ្ឍប្រទេស៕