(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១៥៖៣៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល៥ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន។ សម្តេចនិងគណៈប្រតិភូបានចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
ក្រៅពីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ និងកិច្ចប្រជុំមួយចំនួនទៀត នៅអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ បានជួបដាច់ដោយឡែកពីគ្នាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន រួមទាំងវិនិយោគិនចិនមួយចំនួនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តីចិន លី គឺឈៀង ប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង ៦ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគតតែ១។
សម្តេចបានបញ្ជាក់ថា៖ «តាមរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹងមានក្រុម ហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេលដែលប្រទេសជាតិ កំពុងមានស្ថិរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំល្អ»។
សម្តេចបានថ្លែងអំណរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ហើយនៅថ្ងៃនេះផងដែរ សម្តេចបានអរគុណមិត្តចិនដែលផ្តល់ជំនួយជាង ៦០០លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត៕