(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងលិខិតអបអរដល់ខួប២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៣០ មេសា ១៩៩៩-៣០ មេសា ឆ្នាំ២០១៩ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវធ្វើការសិក្សាបន្ថែមទៀតអំពីអាស៊ាន ហើយនឹងស្វែងរកកាលានុវត្តភាពថែមទៀត ដែលកើតចេញពីតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម។
ក្នុងសារលិខិតដែលអង្គភាព Fresh News ទទួលបាន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ជនរួមជាតិ កម្ពុជាទាំងអស់ ឲ្យធ្វើការសិក្សាបន្ថែមទៀតអំពីអាស៊ាន ហើយនឹងស្វែងរកកាលានុវត្តភាពថែមទៀត ដែលកើតចេញពីតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម»។
សម្ដេចប្រមុខ នៃរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ក្នុងឋានៈជាប្រទេសតូច កម្ពុជាមិនអាចសង្ឈឹមថារស់នៅដោយគ្មានការផ្សាភ្ជាប់ ជាមួយពិភពលោកខាងក្រៅបានទេ។ ការរីកលូតលាស់ និងវិបុលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ អាស្រ័យជារួមលើរបៀបធ្វើការជាមួយអាស៊ាន ក្នុងការធ្វើឲ្យសមាហរណកម្ម តំបន់ កាន់តែស៊ីជម្រៅ ក៏ដូចជាការពង្រឹងសារៈសំខាន់ និងភាពរឹងមាំរបស់ជាតិ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។
ជាការពិត អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្តេចបានបន្តថា ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕