(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅខេត្តកណ្តាល នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានកម្មករចាប់អោបថើប បង្ហាញការស្រលាញ់ពេញចិត្តចំពោះមេដឹកនាំរបស់ពួកគេ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា សកម្មភាពនេះ គឺទំនាក់ទំនងស្និទ្ធស្នាលរវាងកម្មករ និងមេដឹកនាំ ដែលបង្ហាញអំពីការសាមគ្គីភាព ហើយផ្ទុយអំពីការអំពាវនាវរបស់ ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលអំពាវនាវឱ្យកម្មករចាប់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងទៅប៉ុន្មានអាទិត្យមុននេះ មានអ្នកនយោបាយខ្លះ គេស្នើឱ្យកម្មករចាប់ពូ ហើយថ្ងៃនេះ កម្មករពិតជាចាប់ពូមែន គឺចាប់ថើប ចាប់អោប និងចាប់ថតរូប ដូច្នេះស្ថានភាពនេះក៏បានបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធ រវាងកម្មករ កម្មការិនីជាមួយមេដឹកនាំប្រទេស ប៉ុន្តែអ្វីដែលទៅហួសពីនេះ គឺជាការសាមគ្គីភាព ក្នុងចំណោមយើងទាំងអស់គ្នា»។
សម្តេចតេជោបានថ្លែងអំណរគុណដល់រោងចក្រយីដា ក្រសួងការងារ និងអាជ្ញាធរខេត្តកណ្តាល ដែលបានរៀបចំឱ្យមានការជួបជុំស្រស់ស្រូបអាហារ និងរាំលេងកម្សាន្តអបអរសាទរខួប១៣៣ នៃទិវាពលកម្មអន្តរជាតិ។ សម្តេចបានថ្លែងថា មានរោងចក្រជាង១២៨៧រោងចក្រ ផ្សេងទៀត ដែលបានប្រារព្ធពិធីអបអរសាទរខួប១៣៣ នៃទិវាពលកម្មអន្តរជាតិ កើនលើសឆ្នាំមុនរហូតដល់ទៅ៣៩៤។ សម្តេចបានថ្លែងកត់សម្គាល់ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា មានទាំងអ្នកជួបជុំលេងសប្បាយ តែក៏មានការជួបជុំសម្តែងមតិនានាផងដែរ ដែលនោះគឺជាសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់កម្មករ កម្មការិនី និងកម្មការិនីមានផ្ទៃពោះផងដែរ។ ក្រៅពីនោះថៅកែរោងចក្រយីដា ក៏បានឧបត្ថម្ភថវិកា២ម៉ឺនដុល្លារ សម្រាប់មូលនិធិគន្ធបុប្ផាទៀតផង។
សម្តេចតេជោ បានថ្លែងអំណរគុណថៅកែរោងចក្រជាជនជាតិចិនហុងកុង ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ជួយដល់កុមារកម្ពុជាតាមរយៈមូលនិធិគន្ធបុប្ផានេះ។
សូមបញ្ជាក់ថា រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ៕