(ភ្នំពេញ)៖ នៅពីក្រោយខ្នងមហាជន កម្មករ-កម្មការិនីយ៉ាងច្រើនកុះករ ដែលកំពុងអបអរសាទរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប ១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កម្មការិនីម្នាក់បានខំប្រឹងលោដៃប្រជ្រៀតទាំងទឹកភ្នែករហាម ដើម្បីបានចាប់ដៃជាមួយសម្ដេចនឹងគេ។
ទាំងសម្ដីអួលដើមកលាយលំនឹងទឹកភ្នែកព្រិចៗ កម្មការិនីវ័យកណ្ដាលរូបនេះបានឱ្យដឹងថា លោកស្រីពិតជាចង់ឱបសម្ដេចតេជោនាយករដ្ឋមន្ត្រីខ្លាំងណាស់ ព្រោះតែលោកស្រីបានចិញ្ចឹមចិត្តគោរពស្រលាញ់ និងមានក្ដីប្រាថ្នាចង់ជួបចង់ឃើញសម្ដេចផ្ទាល់តាំងពីក្មេងមកម្ល៉េះ ដល់ឥឡូវនេះលោកស្រីបានជួបបានឃើញសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ហើយ ហើយលោកស្រីក៏ចង់ឱបសម្ដេចឱ្យបានពេញដៃផងដែរ។
កម្មការិនីដដែលបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់ឱបគាត់ ក្ដីស្រមៃខ្ញុំ គឺខ្ញុំចង់ឱបគាត់ តាំងពីតូចដល់ធំមកខ្ញុំអត់ដែលបានជួបសម្ដេចផ្ទាល់ទេ ឥឡូវខ្ញុំចង់ឱបគាត់»។
ផ្អឹបដៃទាំងពីរនឹងដើមទ្រូងបែកញើសសស្រាក់ កម្មការិនីខាងលើបានបន្តថា ទោះបីជាលោកស្រីគ្មានទូរស័ព្ទទំនើបថតរូបភាពដូចគេក៏ដោយ ប៉ុន្តែលោកស្រីពិតជាចង់ឱបសម្ដេចតេជោ ហ៊ុន សែន ដោយសុទ្ធចិត្តពិតមែន ដើម្បីសម្រេចបំណងប៉ងប្រាថ្នាតាំងពីក្មេងមកនោះ។
កម្មការិនីដ៏កម្សត់រូបនេះបានបង្ហាញនូវភាពជឿជាក់ថា «សម្ដេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដ៏ឆ្នើមមួយរូប មានសម្ដេចតេជោ ទើបមានអ្វីៗរហូតដល់សព្វថ្ងៃ»។
មិនតែប៉ុណ្ណោះ លោកស្រីក៏បានគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន កាន់តែមានជន្មាយុយឺនយូរ ដើម្បីនៅថែរក្សាប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារ និងកូនៗរបស់លោកស្រី ប្រកបដោយសុខសន្តិភាពផងដែរ។
សូមជម្រាបថា ពិធីអបអរសាទរខួប ១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភាខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩៕