(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ របស់ក្រសួងមហាផ្ទៃ ដែលបានបង្កបទល្មើសហិង្សាប្រើប្រាស់កាំភ្លើង ដោយបើករថយន្ដតាមរករឿង រហូតបាញ់ចំនួន៥គ្រាប់ ទៅលើរថយន្ដជនរងគ្រោះ២នាក់ប្តីប្រពន្ធ, ពេលនេះជនរងគ្រោះសូមទាមទារសំណងជំងឺចិត្ត និងការខូចខាតចំនួន៣៥,០០០ដុល្លារ តែប្រគល់ឡានដែលខូចខាតនោះឲ្យទៅជនបង្ក ពោលខ្លួនយកតែលុយដែលទាមទារប៉ុណ្ណោះ។
លោក ភូរិស្ស ស្តូរ៉ាន់ ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះពីរនាក់ប្រពន្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះថា បើទោះបីខ្លួនទាមទារសំណងចំនួន៣៥,០០០ដុល្លារក៏ពិតមែន ប៉ុន្ដែពាក្យបណ្ដឹងព្រហ្មទណ្ឌ ដែលប្ដឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានោះ គឺនៅរក្សាដដែល។
ជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ ខ្ញុំបានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្ត និងការខូចខាត ចំនួន៣៥,០០០ដុល្លារ ហើយប្រគល់ឡានរបស់ខ្ញុំ ទៅឲ្យគាត់ (ជនបង្ក) ខ្ញុំយកតែលុយដែលទាមទារប៉ុណ្ណោះ ប៉ុន្ដែឥលូវខ្ញុំមិនទាន់បានទទួលដំណឹងអ្វីត្រឡប់មកវិញនោះទេ។ ហើយពាក្យបណ្ដឹងព្រហ្មទណ្ឌ គឺខ្ញុំនៅរក្សាដដែលអត់ដកទេ»។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករថយន្ដម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 តាមរករឿងជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បើករថយន្ដម៉ាក Rang Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2U-4448 តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ស្រាប់តែចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ៥គ្រាប់ជាប់ៗគ្នា បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ ប៉ុន្ដែសំណាងល្អមិនបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិត គ្រានតែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ដឹកភា្លមៗ ទៅកាន់មន្ទីរពេទ្យ។
នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រឿងដែលត្រូវដំណើរការនៅពេលនេះ មាន២ករណី។
ទី១៖ ត្រូវឲ្យមានការសម្របសម្រួលជាមួយភាគីជនរងគ្រោះ ឲ្យសុំទោស និងសងសំណងដែលជាសំណងរដ្ឋប្បវេណី និងទី២៖ ត្រូវអនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិ ធ្វើកិច្ចសន្យាត្រឹមត្រូវ។ ប៉ុន្ដែនាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា បើគ្មានការសម្របសម្រួលណាមួយកើតឡើង ជាមួយភាគីជនរងគ្រោះនោះទេ មន្ដ្រីនគរបាលរូបនេះ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន ៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕