(ភ្នំពេញ)៖ ពន្លឺយុត្តិធម៌មិនទាន់មាននៅឡើយទេ សម្រាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលរងការបាញ់ប្រហារពីសំណាក់ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឈ្មោះ ឌួង ណាគ្រី រហូតមកដល់ពេលនេះ ពីព្រោះមន្រ្តីនគរបាលរូបនេះមិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ បែរជាបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។

សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលជានខ្ពស់ ដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យ កងកម្លាំងទៅវិញ ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្រ្តីនគរបាលរូបនេះ ត្រូវបានបញ្ជូនចេញពីការិយាល័យព្រហ្មកម្រិតធ្ងន់ ទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ តាំងពីល្ងាចម្សិលមិញ។

ដោយឡែកលោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជារបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ។

សម្រាប់មហាជននៅតាមបណ្តាញសង្គម Facebook វិញ នៅតែទទូចហើយទទូចទៀត ដល់ថ្នាក់ដឹកនាំ ចាត់វិធានការតាមច្បាប់ទៅលើមន្រ្តីនគរបាលរូបនេះ ដោយសារតែបានប្រព្រឹត្តល្មើសដ៏ធ្ងន់ធ្ងរបែបនេះ បែរជាគ្មានការកាត់ទៅវិញ ហាក់ដូចជាសង្គមមួយនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវយ៉ាងដូច្នេះ។ ប្រជាពលរដ្ឋបានលើកឡើងថា នេះសំណាងហើយ ដែលបាញ់កញ្ចក់ខាង ក្រោយរថយន្ត បើបាញ់ចំចំហៀងរថយន្តវិញ ជនរងគ្រោះទាំង២នាក់ ប្តី-ប្រពន្ធច្បាស់រងគ្រោះដល់អាយុជីវិតជាក់ជាមិនខានឡើយ។

តាមសេចក្តីរាយការណ៍មួយចំនួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់ បានឲ្យដឹងថា អនុប្រធាននាយកដ្ឋានរូបនេះ ជាមនុស្សជំនិតរបស់លោកឧត្តមសេនីយ៍ ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដោយសារតែប្រពន្ធរបស់គាត់ (ជនបង្ក) ជាមិត្តភក្តិរៀនជាមួយលោក ង៉េង ជួ។ ពីមុនលោក ឌួង ណាគ្រី ជាមន្រ្តីនគរបាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែក្រោយមកបានប្តូរទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ប៉ុន្តែដោយសារមានរឿងនៅខេត្តបាត់ដំបង គឺធ្លាប់បាញ់បោះសេរី ក៏ត្រូវបានផ្ទេរមកបម្រើការងារនៅនាយកដ្ឋានព្រហ្មទណ្ឌ ធ្វើជាជំនួយការរបស់លោក ង៉េង ជួ។

កាលពីពេលថ្មីៗនេះជនបង្ក ឌួង ណាគ្រី ត្រូវបានតម្លើង និងតែងតាំងជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

កាលពីម្សិលមិញតាមរយៈបណ្តាញព័ត៌មាន Fresh News ជនរងគ្រោះ សូមប្រកាសទាមទារសំណងជំងឺចិត្ត និងការខូចខាតចំនួន ៣៥,០០០ដុល្លារ តែប្រគល់ឡានដែលខូចខាតនោះឲ្យទៅជនបង្ក ពោលខ្លួនយកតែលុយដែលទាមទារប៉ុណ្ណោះ។

លោក ភូរិស្ស ស្តូរ៉ាន់ ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះពីរនាក់ប្រពន្ធ បានថ្លែងថា បើទោះបីខ្លួនទាមទារសំណងចំនួន៣៥,០០០ដុល្លារក៏ពិតមែន ប៉ុន្ដែពាក្យបណ្ដឹងព្រហ្មទណ្ឌ ដែលប្ដឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានោះ គឺនៅរក្សាដដែល។ ជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ ខ្ញុំបានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្ត និងការខូចខាត ចំនួន៣៥,០០០ដុល្លារ ហើយប្រគល់ឡានរបស់ខ្ញុំ ទៅឲ្យគាត់ (ជនបង្ក) ខ្ញុំយកតែលុយដែលទាមទារប៉ុណ្ណោះ ប៉ុន្ដែឥលូវខ្ញុំមិនទាន់បានទទួលដំណឹងអ្វីត្រឡប់មកវិញនោះទេ។ ហើយពាក្យបណ្ដឹងព្រហ្មទណ្ឌ គឺខ្ញុំនៅរក្សាដដែលអត់ដកទេ»។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករថយន្ដម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 តាមរករឿងជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បើករថយន្ដម៉ាក Rang Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2U-4448 តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ស្រាប់តែចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ៥គ្រាប់ជាប់ៗគ្នា បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ ប៉ុន្ដែសំណាងល្អមិនបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិត គ្រានតែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ដឹកភា្លមៗ ទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន ៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕