(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឡេ ដឹកអាញ់ (Le Duc Anh) អតីតប្រធានាធិបតី និងជាអតីតមេទ័ពវៀតណាមដែលបានជួយកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញត្រឡប់មកកម្ពុជាវិញ ហើយ នៅម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសួរសុខទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយ លោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែង នូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។

សម្តេចតេជោ បានបញ្ជាក់នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានរៀបរាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយលោក ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ។ សម្តេចតេជោ បានបន្ថែមថា លោក ឡេ ឌឹកអាញ់ គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ បានមានប្រសាសន៍ផងដែរថា វត្តមានរបស់សម្តេច និងគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ គឺបានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។

សូមបញ្ជាក់ថា លោក ឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។

លោក Duc Anh បានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។

លោក Le Duc Anh ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និងពិការភ្នែកមួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗក្នុងអំឡុង សង្រ្គាមវៀតណាម ហើយលោក ក៏ត្រូវបាន ប្រទេសវៀតណាមចាត់ទុកជាបុគ្គលមួយរូប ដែលបានជួយរំដោះទីក្រុង សៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក៕