(ភ្នំពេញ)៖ នៅទីបំផុត ! រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ មន្រ្តីនគរបាលដៃឆៅចិត្តសាហាវឈ្មោះ ឌួង ណាគ្រី ដែលបាញ់ប្រហារចំនួន៥គ្រាប់ សំដៅទៅលើ២នាក់ប្តីប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទចោទប្រកាន់ចំនួន២បទល្មើសគឺ៖ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។
លោកមេធាវី លី រដ្ឋធី មេធាវីប្រចាំអង្គភាពព័ត៌មាន Fresh News និងជាសមាជិករបស់គណៈមេធាវី បានថ្លែងឲ្យដឹងថា យោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើស ចោទប្រកាន់ចំនួន២បទល្មើស, ទី១៖ «ប៉ុនប៉ងឃាតកម្ម ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះ ១០ឆ្នាំ ទៅ១៥ឆ្នាំ។ ទី២៖ ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី ៦ខែ ទៅ ២ឆ្នាំ ។
លោក លី រដ្ឋធី បានលើកយកច្បាប់ព្រហ្មទណ្ឌមកពន្យល់យ៉ាងដូច្នេះថា៖
«មាត្រា ២៧- និយមន័យនៃការប៉ុនប៉ង។ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន, កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ៖
- ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង )
- ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ។
មាត្រា ១៩៩.- បទឃាតកម្ម
អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។
ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ (ដប់) ឆ្នាំទៅ ១៥ (ដប់ប្រាំ) ឆ្នាំ»។
មាត្រា ២០ បានចែងថា
ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ដល់ ២(ពីរ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០(ហាសិបម៉ឺន)រៀល ដល់ ២.០០០.០០០ (ពីរលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
សូមបញ្ជាក់ថា វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹង បានបើករថយន្ដម៉ាក Lexus RX350 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលបើករថយន្ដម៉ាក Rang Rover តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ហើយបានចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ចំនួន៥គ្រាប់ជាប់ៗគ្នា កាលពីម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ។
ករណីនេះ មិនបានបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិតនោះទេ គ្រាន់តែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ ហើយដឹកភា្លមៗទៅកាន់មន្ទីរពេទ្យ និងបានរលូតកូន៣ខៃក្នុងផ្ទៃទៀតផង។
ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដោយប្តីមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង។
រហូតមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ពន្លឺយុត្តិធម៌មិនទាន់មាននៅឡើយទេ សម្រាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលរងការបាញ់ប្រហារពីសំណាក់ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឈ្មោះ ឌួង ណាគ្រី ពីព្រោះមន្រ្តីនគរបាលរូបនេះ មិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ បែរជាបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។
សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យកងកម្លាំង ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់ផងដែរ៕