(ភ្នំពេញ)៖ ក្រុមប្រើប្រាស់ Facebook ជាពិសេសគឺជនជាតិខ្មែរ បាននាំគ្នារិះគន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាបន្តបន្ទាប់ក្រោយពេលស្ថានទូតនៃប្រទេសមហាអំណាចនេះ បានស្រង់របាយការណ៍អង្គការមួយ មកវាយប្រហារលើសេរីភាពសារព័ត៌មាននៅកម្ពុជា។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពី Facebook ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖ «បើយោងតាមរបាយការណ៍ ឆ្នាំ២០១៩ នៃសារព័ត៌មានអ្នកកាសែត គ្មានព្រំដែន ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាគ្មានភាពសេរីទេ។ តាមពិតទៅប្រទេសកម្ពុជាបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ១៤៣ ក្នុងចំណោមប្រទេសចំនួន១៨០ នៅក្នុងសន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩»។
ក្រុមប្រើប្រាស់ Facebook បានចាត់ទុកថា ការបង្ហោះរបស់ស្ថានទូតអាមេរិកមានចរិតអុចអាល បន្តុះបង្អាប់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ មួយវិញទៀត អ្នកខ្លះបានចាត់ទុកថា សហរដ្ឋអាមេរិកខ្លួនឯង ក៏មិនល្អនោះដែរ ព្រោះតែប្រធានាធិបតីប្រទេសនេះ ហៅ CNN ថាព័ត៌មានក្លែងក្លាយដូចគ្នា។
Facebook ឈ្មោះ ភាន់ សុ ហ៊ួន បានសរសេរដូច្នេះថា៖ «បើសារព័ត៌មាននៅប្រទេសកម្ពុជា គ្មានសេរីភាព ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជា១រូប ចង់ស្នើសុំស្ថានទូតអាមេរិក បើកវេទិកាសារធារណៈជួបជាមួយយើងខ្ញុំផ្ទាល់បានទេ? បើខ្លួនអាមេរិកយល់ថា ខ្លួនល្អជាមួយកម្ពុជាពិតមានសេរីភាពពិត ប្រជាធិបតេយ្យពិត កុំបានតែបញ្ចេញមាត់ឆ្កែ បង្ហោះព័ត៌មាន លាបពណ៌ជាតិសាសន៍ខ្មែរ រៀបថោកដល់កម្រិត០បែបនេះ ឬ ប្រទេសអាមេរិកទាំងមូល គ្មានអ្នកប្រាជ្ញដើម្បីតតាំងមតិ ជាមួយប្រជាជនកម្ពុជាភាគច្រើនហើយ? ឬក៏ប្រទេសបិតាប្រជាធិបតេយ្យចេះតែលាបពណ៌ជាតិសាសន៍គេ តែមួយក្បាច់នេះទេអី? ជួយឆ្លើយផង ពួកអាលក់ក្បាល់ឲ្យសត្រូវ ដែលធ្វើឆ្កែបម្រើក្នុងស្ថានទូតអាមេរិក ជួយបក់ប្រែឲ្យពួកវាស្តាប់ផងវើយ។
ចំណែក Facebook មួយទៀតឈ្មោះ Riththy បានសរសេរថា៖ «ចយអើយ ឈប់ដើរលួចប្រេងគេ ឈប់ដើរសម្លាប់គេ ឈប់ដើរបំផ្លាញប្រទេសគេ ដោយអាងត្រឹមពាក្យសិទ្ធិមនុស្សអីហ្នឹងទៀតទៅ»។
Facebook ឈ្មោះ Sok Ry ចាប់អារម្មណ៍ថា៖ «បិតាប្រជាធិបតេយ្យក្លែងក្លាយ បិតាសិទ្ធិមនុស្សលើតែមាត់ ប្រទេសអ្នកឯងទេពូកែខាងដើរថាឱ្យគេ ខ្លួនឯងស្មោករោគ»។
ដោយឡែក Facebook ឈ្មោះ Riththy បានសរសេរចម្អកថា៖ «ចឹងមានតែអាមេរិកទេដែលធ្វើអីក៏ត្រូវ ធ្វើអីក៏សមតែឯងលើលោក? ហើយការបង្ហោះបែបនេះជា ការងារទូតដែរឬលោក? អ្នកកាសែតអារ៉ាប់ប៊ីសាអូឌិតដែលស្លាប់នោះដល់ណាហើយ? ហើយលោកពូត្រាំលែងជេរពួកអ្នកព័ត៌មានតាមមេក្រូនៅ?»។
សម្រាប់ Facebook ឈ្មោះ កែវ ប៊ុនថុន បានសរសេរចោទថា៖ «ចុះអាមេរិកមានធ្លាក់លេខរៀងទេ នៅពេលលោកប្រធានាធិបតីហាមឃាត់មិនឱ្យ CNN និងអង្គភាពព័ត៌មានផ្សេងទៀត ចូលសេតវិមាន?»។
បន្ទាប់ពីនេះ Facebook ឈ្មោះ Bun Tha បានរិះគន់ថា «បុគ្គលិកស្ថានទូតអាមេរិក មាននិន្នាការប្រឆាំង (CNRP) ព្យាយាមបង្កើតព្រឹត្ដិការណ៍ និងបង្កើតបញ្ហា និងញុះញង់ប្រជាពលរដ្ឋខ្មែរ។ កុំព្យាយាមបង្កើតព្រឹត្តិការណ៍អី បើគ្រាន់តែចង់ដោះដូរឲ្យសមរង្ស៉ី ចូលស្រុកវិញនោះ ពួកអ្នកធ្វើការខុសគោលការណ៍របស់សេតវិមានហើយ សមរង្ស៉ី ជាបុគ្គលថោក មិនមានតម្លៃឲ្យសហរដ្ឋអាមេរិក ឬសេតវិមានយកចិត្តទុកដាក់នោះទេ។ បើពួកអ្នកនៅតែបន្តធ្វើបែបនេះទៀត ខ្ញុំជាពលរដ្ឋខ្មែរមួយរូប នឹងសរសេរសំបុត្រទៅសេតវិមាន ឲ្យពិនិត្យមើលការងារ ក្នុងស្ថានទូតអាមេរិកនៅកម្ពុជា ហាក់បីដូចជាមាននិន្នាការនយោបាយនឹងបង្កើតព្រឹត្តិការណ៍ឲ្យកម្ពុជាអស្ថិរភាព ទាំងស្ថានទូតអាមេរិកនៅកម្ពុជាមិនទាន់មានអគ្គកុងស៊ុលថ្មីនៅឡើយទេ»។
ទន្ទឹមនឹងនេះ Facebook ឈ្មោះ Bunnarith Chea៖ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាគ្មានភាពសេរី!!?? ក្នុងនាមខ្ញុំ ជាពលរដ្ឋមួយរូបដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ខ្ញុំយល់ថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាគឺសម្បូរបែប មានសិទ្ធិសេរីភាព មិននិយាយថាគ្រប់គ្រាន់ទេ ស្ទើរតែលើសផង ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមដូចជា Facebook, Youtube ជាដើមអាចធ្វើការផ្សាយគ្រប់សកម្មភាព កាត់តជេរប្រមាថ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងក្លាយ ប្រឌិត ក៏ឃើញនៅតែបន្តផ្សព្វផ្សាយនៅកម្ពុជាមកដល់បច្ចុប្បន្ន។ តើប្រព័ន្ធផ្សព្វផ្សាយដែលមានភាពសេរីនោះតើមានស្តង់ដាយ៉ាងណា?
ហើយការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់របស់ពួកលោកសំអាងលើកត្តាអ្វីខ្លះ? សមាសភាពរបស់អ្នកចូលរួមវាយតម្លៃនោះមកពីខាងណា? ឬសុទ្ធតែគ្នារបស់អស់លោកនោះទេ? សូមបញ្ជាក់ថាប្រធានាធិបតីអាមេរិក បច្ចុប្បន្នក៏ធ្លាប់ចោទប្រកាន់សារព័ត៌មានមួយ ដែលទទួលស្គាល់ថា ឯករាជ្យដ៏ល្បីក្នុងលោកថា ផ្សព្វផ្សាយព័ត៌មានមានភាពលំអៀងដែរ។ មួយទៀតបណ្ដាញផ្សព្វផ្សាយដែលនិយាយភាសាខ្មែរ និងមានទីតាំងឈរជើងលើទឹកដីអាមេរិក ព្រមតាំងខ្លួនថាឯករាជ្យនោះ បាននឹងកំពុងតែបន្តផ្សព្វផ្សាយព័ត៌មាន គ្មានមូលដ្ឋានច្បាស់លាស់ ព្រោះលំអៀងតែខាងប្រឆាំងមួយចំហៀង មិនដែលផ្សព្វផ្សាយពីការរីកចម្រើននៅកម្ពុជា តើពួកលោកវាយតម្លៃ និងផ្ដល់ចំណាត់ថ្នាក់យ៉ាងណាដែរ? ម្ដងហើយម្ដងទៀតសូមពួកលោកឲ្យខ្មែរបានសុខ និងធ្វើជាម្ចាស់ដោយខ្លួនឯងផង»។
ការលើកប្រធានបទសេរីភាពសារព័ត៌មានមកវាយប្រហារលើកម្ពុជា បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ប្រារព្វទិវាសេរីភាពសារព័ត៌មាន ៣ឧសភា ក្រោមប្រធានបទ «សារព័ត៌មាន ដើម្បីបុព្វហេតុ សេរីភាព ឧត្តមប្រយោជន៍ជាតិ ពិភពលោកសន្តិភាព និងយុត្តិធម៌»។
សេរីភាពសារព័ត៌មាននៅកម្ពុជា ហាក់បានដើរដល់ចំណុចមួយ ដែលធ្វើឱ្យមានការផ្សព្វផ្សាយចែកចាយដំណឹងមិនពិតកាន់តែច្រើន ស្របពេលដែលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយបែបឌីជីថល កាន់តែធំទូលាយជាងមុន ដោយមាន វេបសាយ Facebook, Youtube រួមទាំងបណ្តាញសង្គមផ្សេងទៀត។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសាកលលោក៣ឧសភា លើកទី២៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឧ្យឃើញតភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន ដែលកំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល៕