(ភ្នំពេញ)៖ ករណីអគ្គិភ័យនៅស្ថានីយប្រេងឥន្ធនៈ លីម ឡុង បានកើតឡើងនៅម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ជ្រីក ហ៊ួយ ភេទស្រី អាយុ៤០ឆ្នាំ ត្រូវសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោងជិត១០យប់។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះ បានបណ្តាលឲ្យខូចខាត រោងបេតុងប្រក់ស័ង្កាសីទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រអស់ទាំងស្រុង ឆេះរថយន្តតូចចំនួន០៥គ្រឿង, ម៉ូតូចំនួន០៥គ្រឿង, រថយន្តស៊ីទែនចំនួន០២គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយអ្នកស្លាប់ និងអ្នករបួសក៏មិនមានដែរ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់១២៥ឡាន ស្មើនឹង៥០០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន០៥គ្រឿងប្រើប្រាស់ទឹកអស់១២ឡានស្មើនឹង៤៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC កោះពេជ្រចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC កំបូលចំនួន០១គ្រឿង ប្រើប្រាសទឹកអស់០១ឡានស្មើនឹង០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យតំរួតបទបញ្ចាចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប, រថយន្តអគ្គិភ័យព្រលានយន្តហោះចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង១២ ម៉ែត្រគូប និងរថយន្តអគ្គិភ័យ សាលាខណ្ឌ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប។
ករណីអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចពន្លត់ចប់នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែបើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច អគ្គិភ័យនេះផ្ដើមចេញពីការឆេះស៊ីទែនផ្ទុកប្រេង ដែលមានចំណុះខ្ទង់ម៉ឺនលីត្រ ហើយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេង របស់រថយន្តដឹកប្រេង ដែលកំពុងផ្ទេរប្រេងចូលក្នុងស៊ីទែនស្តុក៕