(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យបូកសរុប លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៩ រួមជាមួយបណ្ដាស្ថានទូត និងស្ថានតំណាងបេសកកម្មនានាប្រចាំកម្ពុជា។
យោងតាមរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិនិយោគិនបរទេស និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន១៦៧ករណី រងគ្រោះសរុប២១១នាក់ មាន៣៥សញ្ជាតិ លើ១៥រាជធានី-ខេត្ត (បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន ១៤១ករណី កើនឡើង ១៥,៥៦%)។
ក្រៅពីជនបរទេសរងគ្រោះ គឺនៅមានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨២ករណី ឃាត់ខ្លួនសរុប៣៤១នាក់ មាន២០សញ្ជាតិ លើ១២រាជធានី-ខេត្តទូទាំងប្រទេស លើ២០ប្រភេទបទល្មើស (បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន៥៥ករណី កើនឡើង ៣២,៩២%)។
ក្រុម HOTLINE ជនបរទេស បានទទួលបណ្តឹងសុំប្រតិបត្តិការអន្តរាគមន៍ពីជនបរទេស និងស្ថានទូតចំនួន ១១ករណី បានដោះស្រាយបញ្ចប់០៨ករណី និងមិនទាន់បញ្ចប់០៣ករណី (បាត់ខ្លួន០២ករណី និងចោរកម្ម០១ករណី ជាបណ្ដឹងរបស់ស្ថានទូតចិន) ករណីដែលមិនទាន់បានបញ្ចប់នោះ ដោយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេត។
ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានា រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានាក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារតំណាងស្ថានទូតប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជាដែលមាន នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិជាប្រធាន បានយកចិត្តទុកដាក់ដឹកនាំការការពារ និងដោះស្រាយបញ្ហាជូនពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា និងសំណូមពរឲ្យក្រុម HOTLINE ជនបរទេស បន្តដោះស្រាយបញ្ចប់ករណីដែលនៅសេសសល់។
នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាសមាជិក ត្រូវអនុវត្តតាមផែនការ របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្តវិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕