(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ប្រទេសកម្ពុជា នៅមានសក្ដានុពលខ្ពស់ ដើម្បីធ្វើការវិនិយោគ ខណៈដែលបច្ចុប្បន្នអ្នកវិនិយោគិនបរទេស ដែលមកវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា ច្រើនជាងគេ ភាគច្រើនជនជាតិចិន ជប៉ុន កូរ៉េ។
ការលើកឡើងបែបនេះ របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្រោមប្រធានបទ «ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា នៅដើមឆ្នាំ២០១៩»។
លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះ៖ «ប្រទេសកម្ពុជា នៅមានសក្ដានុពលខ្ពស់ ដើម្បីធ្វើការវិនិយោគ ចឹងបានបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី គាត់យល់ឃើញអីចឹង បានគាត់មកវិនិយោគ នៅក្នុងស្រុកខ្មែរ អីចឹងបានមានជនបរទេសមួយចំនួន គាត់ទិញរបស់នៅស្រុកខ្មែរ (ចិន ខ្មែរ ថៃ ជប៉ុន ជាដើម) គាត់មកវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា អ្នកវិនិយោគខ្លះដឹង ខ្លះអត់ដឹង ប៉ុន្ដែបើសិនជាអត់មានពួកគាត់ មកទិញនៅក្នុងប្រទេសកម្ពុជាទេ ក៏មិនអាចជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាខ្លាំងដែរ។
លោក ច្រឹក សុខនីម ក៏បានលើកឡើងទៀតថា «ហេតុអីបានជាមានកំណើនការវិនិយោគ គឺដោយសារពួកគាត់មកសាងសង់អាគារ ហើយសំណង់ទាំងអស់នឹង គឺនៅស្រុកខ្មែរ អីចឹងគាត់ទិញរបស់យើងខ្លះ គាត់នាំចូលខ្លះ គាត់ប្រើរបស់យើងខ្លះ គាត់ប្រើរបស់គាត់ខ្លះ។ មូលហេតុអី បានចេះតែលាយគ្នា ធម្មតាទេ ប្រទេសណាដែលនាំចូលពីប្រទេសគេមក គេត្រូវការអ្នកមានបទពិសោធន៍ ចឹងអ្នកមានបទពិសោធន៍ អ្នកដែលអាចធ្វើនៅក្នុងគម្រោងនឹង ដូចជាគម្រោងមួយ នៅពេលដែលគាត់ធ្វើនៅប្រទេសណាមួយ គាត់នឹងនាំអ្នកជំនាញរបស់ពួកគាត់»។
ជាមួយគ្នានោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រូបនេះ ក៏បានគូសបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺនៅតែមានការរឹងមាំខ្លាំងក្លា ហើយវិស័យនេះ វាអាចជាក្ដីរំពឹងសម្រាប់អ្នក ដែលត្រូវការវិនិយោគ លើវិស័យអលចនវត្ថុ។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា វិស័យអលចនវត្ថុនៅកម្ពុជា គឺនៅតែមានភាពរឹងមាំ សម្រាប់រយៈពេល៥ឆ្នាំ ទៅមុខទៀត ដោយផ្អែកទៅលើមូលដ្ឋានតម្លៃសេដ្ឋកិច្ច, មូលដ្ឋាននៃការគាំពារពីរាជរដ្ឋាភិបាល, និងមូលដ្ឋានតម្លៃ នៃការវិនិយោគពីក្រៅប្រទេសផងដែរ៕