(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងថា ប្រសិនបើគ្មានការស្រលាញ់ទេនោះ ក៏គ្មានការជួយឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជាជាបន្ដបន្ទាប់ និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ជាសំណាងរបស់ប្រទេសកម្ពុជា ដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានធ្វើចលនាបង្កើតឲ្យមានកាកបាទក្រហមកម្ពុជា។
សម្ដចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា ហើយខ្ញុំចាត់ទុកថា ប្រធានបទមួយនេះចាត់ទុកថាជាប្រធានបទអចិន្ដ្រៃយ៍ព្រោះថា ប្រសិនបើគ្មានការស្រលាញ់នោះទេ ប្រហែលជាយើងគ្មានឱកាសជួបជុំគ្នាប្រចាំឆ្នាំ និងប្រជាពលរដ្ឋរបស់យើងក៏មិនទទួលបានប្រយោជន៍ណាមួយនោះដែរ»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ឆ្លងកាត់ដំណាក់កាលមួយៗ ខុសៗគ្នា តែដំណាក់កាលដែលសំខាន់ ចុងក្រោយនេះ ខុសប្លែងពីដំណាក់កាលដែលយើងធ្វើកាលពីពេលមុន ពោលសម័យសង្គ្រាម គឺគោលរបស់កាកបាទក្រហមកម្ពុជារបស់យើង មានគោលដៅផ្សេង ប៉ុន្ដែគោលបន្ទាប់ពីពេលដែលប្រទេសជាតិ ទទួលបាននូវសន្ដិភាព យើងក៏មានគោលដៅផ្សេង ដើម្បីបន្ដជំហានឆ្ពោះទៅមុខ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែររងគ្រោះជិត១៤ម៉ឺនគ្រួសារ បានទទួលការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា ហើយសម្ដេចបានវាយតម្លៃថា សកម្មភាពសម្បុរសធម៌នេះ គឺជាសកម្មភាពដ៏អង់អាចក្លាហានរបស់កាកបាទក្រហម។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន គូសរំលេចថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងពិសេស ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចបានកោតសរសើរ ដល់យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស ដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះបញ្ហាគ្រោះធម្មជាតិ។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ ដល់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។ សម្ដេចក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា៕