(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារកម្ពុជាប៉ុន្មានថ្ងៃនេះទទួលបានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នោះ វារីអគ្គិសនីអាចបញ្ចេញបានថាមពល ប្រមាណ៦០០មេហ្គាវ៉ាត់ ក្នុងចំណោមជាង១,៤០០មេហ្គាវ៉ាត់ ដើម្បីធ្វើការផ្គត់ផ្គង់ប្រើប្រាស់ប្រចាំថ្ងៃ ដែលនេះការល្អបំផុតស្របពេលដែលកម្ពុជាកំពុងខ្វះខាតអគ្គិសនី។
ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយប៉ុន្មានរយៈមុននេះ យើងព្រួយបារម្ភថា យើងនឹងខ្វះខាតទឹកនៅក្នុងរយៈពេលវែង ប៉ុន្ដែជាកុសលល្អក្នុងប៉ុន្មានអាទិត្យនេះ យើងទទួលបានភ្លៀងធ្លាក់ ហើយនៅព្រឹកមិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ស៊ុយ សែម ដែលបានបញ្ចូនមកខ្ញុំ ជាលើកដំបូងរយៈពេលប៉ុន្មានខែនេះ ដែលវារីអគ្គិសនីរបស់យើង បញ្ចេញបាន៦០០មេហ្គាតវ៉ាត់ ក្នុងចំណោមជិត១៤០០មេហ្គាតវ៉ាត់»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍មុននោះ វារីអគ្គិសនីកម្ពុជាបញ្ចេញថាមពលបានត្រឹមតែ១០០មេហ្គាវ៉ាត់ ទៅ៤០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្ដែដោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ វារីអគ្គិសនីកម្ពុជាបញ្ចេញថាមពលបានជាង៦០០មេហ្គាវ៉ាត់នោះ សម្ដេចសង្ឃឹមថា ភ្លៀងនឹងបន្ដធ្លាក់បន្ដទៀត ខណៈដែលក្រសួងធនធានទឹក បានព្យាករណ៍ថា រដូវវស្សានឹងអាចចាប់ផ្ដើមលើសការព្យាករណ៍កាលពីលើកមុន ។
សម្ដេចតេជោបន្ថែមថា ការព្យាការណ៍លើកមុនរបស់ក្រសួងធនធានទឹក បានបង្ហាញថា រដូវវស្សានឹងចូលមកដល់នៅអាទិត្យទី៣ ខែឧសភា ប៉ុន្ដែឥលូវនេះ អាចនឹងចូលមកដល់លឿនជាបន្ដិចបន្ទួច បើដូច្នេះមែនកម្ពុជានឹងអាចកាត់បន្ថយនូវការលំបាកទាក់ទងជាមួយបញ្ហាខ្វះខាតទឹក ប៉ុន្ដែបាតុរន្ទះ ខ្យល់កន្ដ្រាក់ នៅតែជាកង្វល់ដែលត្រូវយកចិត្តទុកដាក់។
ផ្ដើមចេញពីបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ ដែលនាំឲ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ លើសពីនេះ ត្រូវត្រៀមដើម្បីអន្ដរាគមន៍ ឆ្លើយតបជាមួយមហន្ដរាយបែបនេះ ដែលអាចកើតឡើងនៅតំបន់ដែលជាជួបគ្រោះថ្នាក់៕