(ភ្នំពេញ)៖ សម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៤៦០០.២២ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១ ១៥០.០៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែឧសភានេះ។
ចំពោះចំណូលពន្ធ៤ខែដំបូងនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ កើនឡើងចំនួនប្រមាណជា ២៤០.២៨ លានដុល្លារអាមេរិកស្មើនឹង ២៦.៤១%។
សម្រាប់ខែមេសា ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១ ២៦១.១៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៣១៥,២៩ លានដុល្លារ អាមេរិក។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល៕