(ភ្នំពេញ)៖ ក្រោយពេលចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះហើយនោះ តុលាការមិនទាន់ចោទប្រកាន់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅឡើយទេ។ ទោះជាយ៉ាងនេះក្តី លោកបណ្ឌិតបានបញ្ជាក់ជំហរប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសម្រេចមិនប្តឹងបកទៅកាន់ គណបក្សខ្មែរក្រោកនោះទេ ប៉ុន្តែបើបក្សនេះប្តឹងបន្តទៀតលោកស្វាគមន៍ជានិច្ច។
លោក សុខ ទូច បានចាត់ទុកថា ការប្តឹងរបស់គណបក្សខ្មែរក្រោកមកលើរូបលោកនោះ មិនត្រឹមត្រូវទេ ដោយសារលោកក៏ជាមន្រ្តីរាជរដ្ឋាភិបាល ដែលផ្តល់ធាតុចូលទៅស្ថាប័នពាក់ព័ន្ធ ហើយអ្វីដែលលោកមានទស្សនៈជំទាស់ទៅនឹងការប្រកាសដើរប្រមូលស្នាមមេដៃទាមទារយកកោះត្រល់ របស់ប្រធានគណបក្សខ្មែរក្រោក ដោយសារតែសកម្មភាពនេះ មិនដែលមានក្នុងប្រវត្តិសាស្រ្ត ហើយខុសនឹងច្បាប់អន្តរជាតិ។
ទោះជាយ៉ាងនេះក្តី លោក សុខ ទូច អះអាងថា លោកមិនប្តឹងបកទៅគណបក្សខ្មែរក្រោកវិញឡើយ ដោយសារតែលោកមិនចូលចិត្តនូវការប្តឹងផ្តល់នេះ។ លោកបញ្ជាក់យ៉ាងខ្លីថា «ទាំងទិដ្ឋភាពច្បាប់ នយោបាយ សង្គម និងសច្ចធម៌ ទាំង៤នេះគឺ (គណបក្សខ្មែរក្រោកប្តឹង) មិនត្រូវទាំងអស់ ខ្ញុំមិនប្តឹងតទេ តែបើសិនជាគណបក្សខ្មែរក្រោកបន្តប្តឹងខ្ញុំនឹងស្វាគមន៍»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ លោក វ៉ា សក្តា ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយកោះហៅ លោកសុខ ទូច ឱ្យចូលឆ្លើយបំភ្លឺតបទៅនឹងបណ្តឹងរបស់ គណបក្សខ្មែរក្រោក។
គណបក្សនេះ បានចោទលោក សុខ ទូច ពីប ទកុបកម្ម និងជ្រៀតជ្រែកដោយខុសច្បាប់ទៅនឹងការបំពេញមុខងារសាធារណៈ ដោយចោទលោក សុខ ទូច ថាបានធ្វើអត្ថាធិប្បាយញុះញង់ឲ្យរាជរដ្ឋាភិបាលចាប់លោកដាក់ពន្ធនាគារ ក្នុងសកម្មភាពប្រមូលស្នាមមេដៃតវ៉ាយកកោះត្រល់៕