(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្ដ និងអភិបាលរង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ពលរដ្ឋឆ្លងដែន ចូលប្រទេសថៃខុសច្បាប់ ដើម្បីបញ្ចៀសការប្រឈមុខនឹងវិធានការពីអាជ្ញាធរថៃ និងដើម្បីកុំឲ្យពលរដ្ឋក្លាយជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ចទប់ស្កាត់បទល្មើសលាងសំអាតប្រាក់ ហើយត្រូវចៀសឲ្យផុតពីការជាប់ពាក់ព័ន្ធ នឹងបទល្មើសនេះ ត្រូវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង និងការពារសុវត្ថិភាពជនបរទេសបន្តអនុវត្តឲ្យបានល្អ នូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសំខាន់ៗមួយចំនួនទៀត។

លើសពីនេះ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឲ្យអភិបាល និងអភិបាលរងខេត្ត ដែលទើបតែងតាំង បន្តរួមគ្នាជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ខិតខំថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងអប់រំពលរដ្ឋ អំពីផលវិបាកនៃការផ្ដួលរាជរដ្ឋាភិបាលស្របច្បាប់ និងការធ្វើបដិវត្តពណ៌។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកំពុងរីករាយទទួលផលពីសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ហើយកត្តានេះបានធ្វើឲ្យក្រុមប្រឆាំងខ្លះ រកវិធីអូសទាញ ពលរដ្ឋឲ្យប្ដូរទស្សនៈ តាមរយៈការបំផុសបំផុលឲ្យធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ប៉ុន្តែលទ្ធផល នៃចំនួនអ្នកបោះឆ្នោតកន្លងទៅនេះ បានបញ្ជាក់ថា ពលរដ្ឋផ្ដល់យុត្តិធម៌មករាជរដ្ឋាភិបាល។

សម្ដេច ស ខេង សង្កត់ធ្ងន់ទៀតថា ក្រុមប្រឆាំងបានយកពាក្យផ្លាស់ប្ដូរជាវិជ្ជមាន មកប្រព្រឹត្តសកម្មភាពខុសច្បាប់ និងបិទបាំងការប៉ុនប៉ងធ្វើបដិវដ្ដពណ៌ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលការផ្លាស់ប្ដូរ គឺសំដៅដល់ការខិតខំធ្វើកំណែទម្រង់គ្រប់វិស័យ ដើម្បីផ្ដល់សេចក្ដីសុខជូនពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងការរីកចម្រើន។

សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឲ្យអភិបាល និងអភិបាលរងថ្មីនៃខេត្តបន្ទាយមានជ័យ បង្កើនការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវលុបំបាត់ឲ្យបានក្នុងឆ្នាំ២០១៩នេះចំពោះទីកំសាន្តមានគ្រឿងញៀន ទប់ស្កាត់ និងបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងការព្រឹត្តបទល្មើសផ្សេងៗក្នុងសង្គម។

ទន្ទឹមនឹងការផ្លាស់ប្ដូរ អភិបាលខេត្តថ្មីនេះ សម្ដេចបានសម្ដែងការកោតសរសើរអភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មី ដោយបញ្ជាក់ថា ឧត្តមមន្រ្តីទាំងពីររូបនេះ សុទ្ធតែមានស្នាដៃបំពេញការងារបានយ៉ាងល្អ ហើយសម្ដេចស្នើឲ្យក្រុមប្រឹក្សា និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត បន្តខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដែលបានផ្ដល់ការគាំទ្រ ទាំងស្មារតី និងធនធាន ពិសេសក្នុងការងារជួយសង្គ្រោះពលរដ្ឋ៕