(ភ្នំពេញ)៖ ក្រោយបើកការជំនុំជម្រះ នៅរសៀលថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការលើសំណុំរឿងរបស់កញ្ញា យិន ម៉ាណា ដោយមិនកំណត់ពេល ពាក់ព័ន្ធនឹងករណី បើករថយន្តទៅបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

សវនាការថ្ងៃនេះ មានលោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើករថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគារ រាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោស ជាក្រោយតាមកំណត់ច្បាប់។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា កាលពីព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិចដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ។

ការព្រមព្រៀងនេះធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ នៅក្នុងការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសងខាង ជាសាក្សី៕