(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចស្នើសុំ បន្ថូយបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត៧៧រូប ក្នុងនោះមានស្រ្តី៩រូប សម្រាប់ឱកាសបុណ្យពិខាងបូជា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «សម្រាប់ឱកាសនៃពិធីបុណ្យពិសាខបូជាឆ្នាំ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៧៧រូប(ស្ត្រី៩រូប) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប២៥២រូប(ស្ត្រី១៦រូប)»។
ក្នុងចំណោមទណ្ឌិត៧៧រូប ដែលត្រូវបានក្រសួងសម្រេចស្នើបន្ធូរបន្ថយ និងលើកលែងទោសនេះ រួមមាន៖
១៖ ស្នើបន្ថយទោស៦ខែ ៖ ៣៧រូប (ស្រី៣រូប)
២៖ ស្នើបន្ថយទោស៩ខែ ៖ ១៤រូប(ស្រី១រូប)
៣៖ ស្នើបន្ថយទោស១២ខែ ៖ ២២រូប(ស្រី៤រូប)
៤៖ ស្នើលើកលែងទោស ៖ ៤រូប(ស្រី១រូប)
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។
កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាក៏បានបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតសរុប ១៣៤នាក់ (ស្ត្រី២៨នាក់) ក្នុងនោះមាន៖
១៖ ស្នើបន្ថយទោស៦ខែ៖ ៥៧នាក់ (ស្រី៦នាក់)
២៖ ស្នើបន្ថយទោស៩ខែ៖ ១៩នាក់(ស្រី២នាក់)
៣៖ ស្នើបន្ថយទោស១២ខែ៖ ៤០នាក់(ស្រី១៧នាក់)
៤៖ ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ៖ ២នាក់ (ស្រី២នាក់)
៥៖ ស្នើលើកលែងទោស៖ ១៦នាក់(ស្រី១នាក់)៕