(ព្រះវិហារ)៖ ទីតាំងរុករករ៉ែមាសខុសច្បាប់ចំនួន៣កន្លែង ត្រូវបានអាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ ដឹកនាំកងកម្លាំងចុះទៅបង្ក្រាបជាក់ស្តែង ដោយរឹបអូសសម្ភារៈជាវត្ថុតាងបានមួយចំនួន ដោយឡែកចំពោះម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់ស្រមោល។

លោក ប៊ុន ហ៊ួរ អភិបាលស្រុករវៀងបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះថា ទីតាំងរុករករ៉ែមាសខុសច្បាប់ចំនួន៣កន្លែងនេះ ស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយសមត្ថកិច្ចលុបរណ្តៅចំនួន៥កន្លែង។ ជាមួយគ្នានោះ អាជ្ញាធរក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៉ីនគោយន្ត៨គ្រឿង ម៉ាស៉ីនខ្យល់២គ្រឿង ឌីណាម៉ូ២គ្រឿង ម៉ាស៉ីនបុក២ និងកម្ទេចរោងចំនួន៧កន្លែងផងដែរ។

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ទីតាំងខាងលើនេះ ត្រូវបានបង្រ្កាបច្រើនដងហើយ ចំពោះម្ចាស់ទីតាំងក៏បានធ្វើកិច្ចសន្យាអប់រំជាច្រើនលើកផងដែរ តែហាក់ដូចពុំរាងចាលសោះ។ កន្លែងរុករករ៉ែមាសខុសច្បាប់នេះ ភាគច្រើនគឺលួចធ្វើនៅពេលយប់ស្ងាត់ ប៉ុន្តែលោកថាបើមានករណីម្ចាស់ទីតាំងរ៉ែមាសខុសច្បាប់ ដែលបានធ្វើកិច្ចសន្យាអប់រំរួចហើយ នៅតែប្រព្រឹត្តខុសច្បាប់លើកក្រោយៗទៀត និងចាត់ការតាមច្បាប់ដោយគ្មានការលើកលែងនោះទេ៕