(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសពីការផ្តល់ជូននូវជម្រើសចំនួន៣ ដល់សហគ្រាសនានាងាយធ្វើបច្ចុប្បន្នភាពព័ត៌មាន ដើម្បីប្រើប្រាស់ប្រព័ន្ធ Online សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit)។

អគ្គនាយកដ្ឋានពន្ធដារបានលើកឡើង ក្នុងសេចក្តីជូនដំណឹងថា អ្នកជាប់ពន្ធអាចស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមបានតាមរយៈជម្រើសទាំង ៣ដូចខាងក្រោម៖

១៖ ធ្វើការស្នើសុំតាមរយៈ GDT Live Chat។

២៖ បំពេញពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម នៅអង្គភាពគ្រប់គ្រងដែលអ្នកជាប់ពន្ធស្ថិតនៅ ដើម្បីបញ្ជូនបន្តមកអគ្គនាយកដ្ឋានពន្ធដារ។

៣៖ បំពេញពាក្យស្នើសុំ ធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម និងបញ្ជូនជាមក អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសារអេឡិចត្រូនិក៖ [email protected]

សូមជម្រាបថា ការចេញសេចក្តីជូនដំណឹង និងផ្តល់ជូនជម្រើសចំនួន៣នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា នៅមានសហគ្រាសជាអ្នកស្នើសុំមួយចំនួន ពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ជាពិសេសពុំបានផ្តល់លេខទូរស័ព្ទទំនាក់ទំនង ឲ្យបានត្រឹមត្រូវដែលជាហេតុបណ្តាលឲ្យមានបញ្ហា ក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម។

កន្លងទៅមានបញ្ហាក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីជាមួយពន្ធដារ បានដាក់ព័ត៌មានមិនត្រឹមត្រូវ។ ឧទាហរណ៍ថា លេខទូរស័ព្ទ អ៊ីម៉ែល ចេះតែដាក់ច្បោលៗ អត់ត្រឹមត្រូវ ដល់ពេលគេធ្វើ Online VAT នេះ ធ្វើឲ្យមានការលំបាកក្នុងការប្រើប្រាស់ ដោយសារការមិនបានដាក់ព័ត៌មានត្រឹមត្រូវ ដូច្នេះទើបមានការរអ៊ូរទាំ។ តែនេះមិនកំហុសរបស់អគ្គនាយករដ្ឋានពន្ធដារនោះទេ គឺជាកំហុសមកពីព័ត៌មានសម្រាប់ធ្វើបច្ចុប្បន្ន ដែលគាត់ផ្តល់ឲ្យ គឺជាព័ត៌មានខុស។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ ទើបអគ្គនាយកដ្ឋានពន្ធដារ ផ្តល់នូវជម្រើសចំនួន៣នេះ ដើម្បីឲ្យសហគ្រាសទាំងនោះងាយស្រួល។

អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ផងដែរថា អ្នកជាប់ពន្ធអាចធ្វើការទាញយកពាក្យស្នើសុំ ធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមនេះ តាមរយៈគេហទំព័រ www.tax.gov.kh ។ បន្ទាប់ពីទទួលបានសំណើសុំរបស់អ្នកជាប់ពន្ធ ក្រុមការងាររបស់អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាន ជូនសហគ្រាសភ្លាមក្នុងថ្ងៃដដែល ដើម្បីផ្តល់លទ្ធភាពឲ្យ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមបាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមជឿជាក់ថា ការអនុវត្តវិធានការដូចបានជម្រាបជូនខាងលើ នឹងជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕